Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ទីបំផុត រថយន្ត​ស៊េរីចាស់កែច្នៃជា​រថយន្ត​ស្ព័រ ដែល​ល្បីល្បាញលើបណ្តាញសង្គម ពុំត្រូវ​ក្រសួងអនុញ្ញាត​ឲ្យធ្វើឈៀកឡើយ

បន្ទាយមានជ័យ ៖ រថយន្តស្ព័រ ដែលត្រូវ​កែច្នៃពីរថយន្ត​កាម៉ារីស៊េរីឆ្នាំ​១៩៩៣ ដោយ​កូនខ្មែរ​អ្នក​ខេត្ត​បន្ទាយមានជ័យ ដែលល្បីល្បាញ​នៅ​លើ​បណ្តាញ​សង្គម​នោះ ត្រូវ​បានក្រសួងសាធារណការ និង​ដឹកជញ្ជូន បដិសេធមិន​ព្រមធ្វើ ឈៀក ឲ្យ​ឡើយ ដោយថា វាជាការកែច្នៃខុសច្បាប់ និង​រំលោភ​កម្មសិទ្ធិ​បញ្ញា។

លោក ឈួន សុផាន់ ដែលជាម្ចាស់រថយន្តកែច្នៃនោះបានបញ្ជាក់ថា នៅពេលឡើងឈៀក លោកបានប្រាប់ទៅមន្ត្រីជំនាញថា នេះជារថយន្តស៊េរីចាស់ដែលត្រូវកូនប្រុសលោកយកទៅធ្វើការកែច្នៃជារថយន្តស៊េរីថ្មីបែបទំនើប។ ពេលនោះមន្ត្រីជំនាញបានត្រួតពិនិត្យលើឯកសារថាមានគ្រប់គ្រាន់ តែរថយន្តត្រូវ​បានកែច្នៃជារថយន្តថ្មី ទើបមន្រ្តីថតរូបបាញ់ទៅក្រសួងជំនាញពិនិត្យ ហើយ​មក​ទល់ពេលនេះ ទើប​លោក​ទទួល​ព័ត៌មានមកថា ក្រសួង មិនបានចេញលិខិតបញ្ជាក់ឈៀករថយន្តឲ្យ​ទេ ដោយក្រសួងប្រាប់ថា រថយន្តកែច្នៃនោះ ខុសច្បាប់និងរំលោភកម្មសិទ្ធិបញ្ញាម្ចាស់ដើម។

ខាងក្រសួងបានបញ្ជាក់ទៀតថា បើសិនជាក្រសួងចេញឈៀកឲ្យ គឺវាហាក់ដូចជាលើកទឹកចិត្តឲ្យមានការកែឆ្នៃកាន់តែច្រើន ដែល​អាចនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ជាយថាហេតុ។

គួរ​បញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ នៅ​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​នូវ​ការ​កោត​សរសើរ​ដល់ស្នាដៃរបស់កូនខ្មែរ​ម្នាក់រស់​នៅ​ស្រុកមង្គលបូរី ក្រោយ​ពីគេ​បាន​កែច្នៃរថយន្តចាស់​របស់​ខ្លួន ទៅជា​រថយន្តស្ព័រ រហូត​ដល់​មាន​ការ​កោត​សរសើរ​ពី​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ គឺលោក អ៊ុំ រាត្រី ទៀតផង៕

Advertisement
Advertisement