Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ស្រុកអង្គរបូរី ឃាត់ខ្លួន​មនុស្ស​៥នាក់ ពាក់ព័ន្ធករណីពីរផ្សេងគ្នា

(តាកែវ)៖ កាលពីដើមសប្តាហ៍នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី បានចុះ​ធ្វើ​ការ​បង្ក្រាបមុខសញ្ញា មានដីកាបង្គាប់ឲ្យ​ចាប់ខ្លួន០១នាក់ នៅចំណុចភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវមានឈ្មោះ សុខ ភារិន ហៅភ្លូត ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ “អំពើលួច” ប្រព្រឹត្តនៅចំណុចភូមិក្រសាំងឯម ឃុំរមេញ ស្រុកកោះអណ្តែក ខេត្តតាកែវ កាលពីថ្ងៃទី០៧.០៨.១៦ ខែឧសភា ឆ្នាំ២០២០។

ក្រោយធ្វើការសាកសួរ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត មានឈ្មោះ ផា សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ និងឈ្មោះ គីម រិទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងទទួលផលចោរកម្ម ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតសម្ភារៈរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ (ធំ០១កញ្ចប់ធំ និងតូច០៣កញ្ចប់) ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារៈវេចខ្ចប់ និងសេពថ្នាំញៀនមួយចំនួន។

លុះដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង១៥នាទី​ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនជាប់ចោទចំនួន២នាក់ទៀតដែលមានដីការបង្គាប់ឲ្យ​ចាប់ខ្លួន រួមមាន ៖ ទី១ឈ្មោះ សេក ដន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា តាមដីកាលេខ ២៧៥ ត្រូវចោទពីបទ«អំពើលួច» ប្រព្រឹត្តនៅចំណុចភូមិក្រសាំងឯម ឃុំរមេញ ស្រុកកោះអណ្តែក ខេត្តតាកែវ កាលពីថ្ងៃទី០៧.០៨.១៦ ខែឧសភា ឆ្នាំ២០២០ និងទី២ឈ្មោះ ឆាន់ ចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា អនុវត្តតាមដីកាលេខ ២៧៧ ត្រូវចោទពីបទ«អំពើលួច» ប្រព្រឹត្តនៅចំណុចភូមិក្រសាំងឯម ឃុំរមេញ ស្រុកកោះអណ្តែក ខេត្តតាកែវ កាលពីថ្ងៃទី០៧.០៨.១៦ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Advertisement
Advertisement