តាកែវ៖ សង្វៀនជន់មាន់ និងអាប៉ោងដុះស្លែ ស្ថិតនៅក្បែរប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប នៃស្រុកបាទី ខេត្តតាកែវ ត្រូវប្រជាពលរដ្ឋរាយការណ៍មកថា បានបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែប៉ូសិសប៉ុស្តិ៍ដែលនៅក្បែរនោះហាក់មិនរវីរវល់នោះឡើយ ដោយរវល់តែចុចទូរស័ព្ទលេងទៅវិញ។
ពលរដ្ឋថា ម្ចាស់ទីតាំងល្បែងនេះ មានឈ្មោះលោក យ៉ត បានបើកលេងរាប់ឆ្នាំមកហើយ ដោយគេចាក់ភ្នាល់សុទ្ធតែរាប់ពាន់ដុល្លារ ហើយអ្នកចូលទៅលេងមានទាំងមន្រ្តី មានទាំងអ្នកមានលុយ មានអំណាច សិស្សសាលាជាដើម។
ជុំវិញករណីនេះ លោក ឡេង វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាប បានថ្លែងថា ពិតជាមានការលេងល្បែងនៅខាងក្រោយប៉ុស្ដិ៍ពិតមែន ដែលជារបស់ឈ្មោះ យ៉ត តែដោយសារលោកគ្មានកម្លាំងគ្រប់គ្រាន់ចុះទៅបង្ក្រាបទើបទុកសិន ព្រោះកម្លាំងលោកជាប់យាមនៅតាមផ្សារអស់ទៅហើយ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើរដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានវិធានការនេះផង ព្រោះវង់ល្បែងនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសទៅហើយ ដោយវាបង្ករហានិភ័យចំពោះសន្តិសុខភូមិឃុំ ហើយក្នុងនោះពួកគាត់ក៏លែងមានជំនឿលើលោក ឆាយ កែវមុន្នី អធិការស្រុកបាទីដែលទើបឡើងកាន់ដំណែងថ្មីនោះផងដែរ៕