Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវ​រកឃើញ​កូវីដ​១៩​ ពេលទៅដល់ប្រទេសថៃ

ក្រសួង​សុខាភិបាល​ថៃ បានឲ្យ​ដឹងថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបាន​រកឃើញ​ថាឆ្លងជំងឺកូវីដ១៩ នៅពេល​ទៅដល់​ប្រទេសថៃ ដើម្បី​ធ្វើទស្សនកិច្ចផ្លូវការ នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០នេះ។

លោក Peter Szijjarto និង​សមាជិក​គណៈប្រតិភូរបស់លោកចំនួន១២នាក់​ ត្រូវបាន​ធ្វើតេស្តសុខភាព ក្រោយចាកចេញពីកម្ពុជា ប៉ុន្តែ​មានតែលោករដ្ឋមន្រ្តី​រូបនេះ​ប៉ុណ្ណោះ​ដែលរកឃើញថាឆ្លងកូវីដ១៩។

លោក Peter Szijjarto ​មានវ័យ៤២ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅកាន់​វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura ដើម្បីព្យាបាល។ លោក និង​គណៈប្រតិភូ នឹងត្រូវបាន​បញ្ជូន​ទៅប្រទេសហុងគ្រីវិញ តាមជើងហោះហើរ​ដាច់ដោយឡែកពីគ្នា។

បើតាម​​សារព័ត៌មាន MTI របស់ហុងគ្រី ឲ្យ​ដឹងថា លោក Peter Szijjarto បាន​ធ្វើតេស្ត​រកកូវីដ១៩ មុនចេញ​ដំណើរទស្សនកិច្ចមកកាន់​តំបន់អាស៊ីដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន កាលពី​ចុងខែមុន។

សូមបញ្ជាក់ដែរថា លោក Peter Szijjarto បាន​មកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ ក្នុងនោះលោកបាន​ជួបជាមួយ​សម្តេច​ ហ៊ុន សែន ​និងមន្រ្តីជាន់ខ្ពស់​កម្ពុជាមួយចំនួន​ផងដែរ៕

Advertisement
Advertisement