Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋាភិបាលចិន ថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែល​ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។

ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន ដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing ។

គួរ​រំលឹកថា ចាប់តាំងពីការបង្កើតចំណងមិត្តភាពជាផ្លូវការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៥៨ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុត ជាមួយ សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងឯកឧត្តម ជូ អេនឡាយ ក្នុងនាម លោកប្រធាន ម៉ៅ សេទុង និងមហាប្រជាជនចិន ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លងមកនេះ៕

Advertisement
Advertisement