Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកសំរោងខំរៀបគម្រោងកាយអាចម៌ដីលក់យកលុយអស់ហើយ ស្រាប់តែផ្ទុះរឿងដល់ថ្នាក់ខេត្តមកដោះស្រាយផ្អើលប្រជាពលរដ្ឋ

(តាកែវ)៖ កាលពីពេលថ្មីៗនេះ មានការបែកធ្លាយឯកសាររៀបគំរោងស្ដារអូយកអាចម៏ដីលក់ ដោយមានការចុះហត្ថលេខាតាំងពីថ្នាក់មេភូមិដល់ថ្នាក់ចៅហ្វាយស្រុក តែគេមិនឃើញមានវត្តមានមន្ទីរជំនាញពាក់ពន្ធ័នោះចូលរួមដឹងឮនោះទេ។

ឯកសារដែលបែកធ្លាយនោះ គឺពាក្យស្នើរសុំស្ដារអូមានទទឹង ៣០ម៉ែត្រ បណ្ដោយ៩៧៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ បាតក្រោម១៥ម៉ែត្រ ស្ថិតនៅភូមិព្រៃស្នូល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

បើ​តាម​ប្រជាពលរដ្ឋថា ក្រុមអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកបានមក​កាយយកអាចម៏ដីពីការស្ដារអូរលក់ឲ្យ​ទៅក្រុមហ៊ុនរាប់ម៉ឺនម៉ែត្រគីប ហើយការកាយយកអាចម៏ដីខាងលើលក់ គឺមិនបានគោរពតាមពាក្យស្នើរសុំនោះទេដោយកាយលើសចំនួន និងកាយប៉ះចំដីអាស្រ័យផលរបស់ប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។

លោក ម៉ឹង អុក មេភូមិព្រៃស្នួលបានថ្លែងថា ពិតជាមានការកាយអាចម៏ដីលើសពីពាក្យ​ស្នើរសុំពិតមែន ដោយធ្វើឲ្យ​ប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋ ហើយក៏បែករឿងឈានដល់អាជ្ញាធរខេត្តចុះមកដោះស្រាយតែម្ដងទៅ។

ពាក់ពន្ធ័ករណីខាងលើ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា ខាងមន្ទីរបស់លោកមិនបានទទួលឯកសារពាក់ពន្ធ័នឹងការស្ដាអូរបស់អាជ្ញាធរស្រុកសំរោងនោះទេ ហើយការស្ដារអូរនេះ គឺពាក់ពន្ធ័ជាមួយនិងខាងធនធានទឹក។

នៅថ្ងៃនេះ យើងមិនអាចសុំការបំភ្លឺពីលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តតាកែវបានទេនៅថ្ងៃនេះដោយទូរសព្ទ័របស់លោកតេចូលហើយ គ្មានអ្នកទទួល។

គួរ​បញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ គេឃើញលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវបានចុះមកដោះស្រាយផលប៉ះពាល់រឿងកាយអាចម៏ដីលក់ដោយយកលេសថា ស្ដារអូរតាមសំណូមពរពលរដ្ឋ តែមិនអាចដោះស្រាយបានទេដោយទឹកកំពុងលិច ហើយលោកក៏លើកទៅធ្វើ​ការ​ដោះស្រាយនៅរដូវទឹកស្រក់វិញ៕

Advertisement
Advertisement