Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោថា តេស្តលើកទី២ សម្តេច​និងភរិយា ព្រមទាំងអ្នក​នៅជាមួយ ពុំ​មាន​វិជ្ជមាន​កូវីដ​១៩ទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៩ វិច្ឆិកា នេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់សម្តេច និងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់សម្តេចទាំងអស់ទៅធ្វើតេស្តជាលើកទី២ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ ដែលវាគឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។

យ៉ាងណាក៏ដោយ សម្តេច​បញ្ជាក់ថា សម្តេចត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។

ក្នុងនោះដែរ សម្តេច​ក៏​បាន​ដាក់​ឈ្មោះ​ព្រឹត្តិការណ៍ ដែលមានមនុស្ស​ត្រូវ​ធ្វើតេស្ត​កូវីដ​១៩​ រហូត​ដល់​៩០០នាក់​នេះ​ថា គឺជា «ព្រឹត្តិការណ៍៣វិច្ឆិកា» ហើយសម្តេច​រំពឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថា វិជ្ជមាន ឬអវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។

ជាមួយ​គ្នា​នេះ​ដែរ សម្តេចតេជោ ក៏​បាន​ចេញបទបញ្ជាឲ្យ​ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។

សម្តេចតេជោ​បាន​បញ្ជាក់ថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឲ្យ​បានឆាប់តាមរយៈកុំឲ្យ​កើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។

«សូមកុំឱ្យកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល»៕

Advertisement
Advertisement