Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឥទ្ធិពលព្យុះចំនួន២ នឹង​ធ្វើ​ឲ្យ​កម្ពុជាបន្តធ្លាក់ភ្លៀងពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ វិច្ឆិកា

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹង​នៅថ្ងៃនេះថា ព្យុះទី២១ ឈ្មោះ អេតូ បាន​នឹង​កំពុងធ្វើដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ហើយ​តាម​ការ​ព្យាករ ព្យុះនេះ នឹង​ចូល​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម និង​ភាគ​ខាង​កើត​កម្ពុជា មុន​នឹង​ថម​ថយ​ឥទ្ធិពល​ជា​វិសម្ពាធ និង​សម្ពាធទាប នៅ​ថ្ងៃទី១០ ខែវិច្ឆិកា, ហើយ​ជាមួយ​គ្នា​នេះ នៅ​សមុទ្រ​ខាង​កើត​ប្រទេស​ហ្វីលីពីន ក៏​កើត​នូវ​ព្យុះទី២២ ឈ្មោះ វ៉ាមកូ ដោយ​តាមការ​ព្យាករ ព្យុះនេះ​នឹង​វិវត្ត​ខ្លួន​ទៅ​ជាព្យុះទីហ្វុង​នៅពេលឆ្លង​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយដំណើរ​របស់​ព្យុះនេះ​នឹង​ចូល​មក​ដល់ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ដោយ​ថមថយ​ឥទ្ធិពល​មក​ជា​វិសម្ពាធទាប​មុន​នឹង​ថម​ថយ​មក​ជា​សម្ពាធទាប​នៅ​លើ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

តាម​ការ​បញ្ជាក់របស់​ក្រសួង ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​របស់​កម្ពុជា នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពីមធ្យម​ទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយ​នឹង​អាច​មាន​ភ្លៀងក្នុង​កម្រិត​តិច ទៅមធ្យម ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀង​ក្នុងកម្រិត​មធ្យម​ទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយ​អាច​មាន​ភ្លៀងខ្យល់ ក្នុងកម្រិតមធ្យម ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ នឹងអាច​មាន​ភ្លៀងក្នុងកម្រិត​តិច ទៅបង្កួរ ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយ​នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា អាច​នឹង​មាន​ភ្លៀងក្នុង​កម្រិតមធ្យម ព្រមទាំង​រលក​សមុទ្រ​អាច​មាន​កម្ពស់​ខ្ពស់​ជាបង្គួរ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ណាមួយ៕

Advertisement
Advertisement