Connect with us

Hi, what are you looking for?

ក្នុងស្រុក

ហួសចិត្ត! ទីតាំងជល់មាន់នៅក្រោយប៉ុស្តិ៍ត្រពាំងសាបសោះ បែរជាអធិការស្រុកបាទីទៅហៅម្ចាស់តារាងបាល់ចម្ងាយ២គីឡូម៉ែត្រពីប៉ុស្តិ៍មកធ្វើកិច្ចសន្យា ដើម្បីធ្វើរបាយការណ៍​ទៅថ្នាក់លើ

(តាកែវ)៖ ប្រជាពលរដ្ឋរស់​នៅក្បែរវត្តក្រាំងស្លែង ក្នុងឃុំត្រពាំងសាប ដែលបាន​ដឹងលឺពីទីតាំងល្បែង​អាប៉ោង និង​ជល់មាន់ដែល​នៅ​កៀកនឹងប៉ុស្តិ៍​នគរបាល​ឃុំត្រពាំងសាប បាន​សម្តែង​នូវ​ការ​ហួសចិត្ត ក្រោយពីបានឃើញរបាយការណ៍​របស់​លោក វរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផ្ញើទៅ​កាន់​លោក​ស្នងការនគរបាល​ខេត្ត​តាកែវ ព្រោះថា ទីតាំង​ជល់មាន់នោះ គឺនៅខាងក្រោយប៉ុស្តិ៍​នគរបាល​ឃុំត្រពាំង​សាប​តែ​ប៉ុន្មាន​រយ​ម៉ែត្រប៉ុណ្ណោះ តែបែរជា​លោក ឆាយ កែវមុន្នី ទៅ​ចាប់ម្ចាស់តារាងបាល់ដែលនៅ​ចម្ងាយប្រមាណ២គីឡូម៉ែត្រឲ្យ​មក​ធ្វើកិច្ច​សន្យា ហើយ​ថា ការ​ផ្សាយ​របស់​សារព័ត៌មានគឺជារឿងមិនពិតទៅវិញ។

បើតាម​ការ​បញ្ជាក់របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​លោក ឡេង វណ្ណា នាយ​ប៉ុស្តិ៍រដ្ឋបាល​ឃុំត្រពាំងសាប​ផ្ទាល់បានទទួល​ស្គាល់ថា ទីតាំងល្បែងនោះ គឺស្ថិត​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ ដែល​មាន​ម្ចាស់ឈ្មោះ យ៉ត បានបើក​លេង​រាប់ឆ្នាំមកហើយ ហើយ​អ្នក​ណា​ក៏​ដឹងដែរថា ទីនោះមាន​ការ​លេង​ចាក់ភ្នាល់លុយរាប់ពាន់ដុល្លារ ហើយ​អ្នកដែល​មក​លេង​ទៀតសោត ក៏​មាន​ទាំង​មន្រ្តី ក៏​ដូចជា​អ្នក​មាន​លុយ មាន​អំណាច​ផងដែរ, តែ​បើ​ងាក​មក​មើល​របាយការណ៍របស់​លោក ឆាយ កែវមុន្នី អធិការនគរបាល​ស្រុកបាទី ដែល​មាន​កម្រាស់​២ទំព័រ ផ្ញើទៅ​លោក សុខ សំណាង ស្នងការនគរបាល​ខេត្ត​តាកែវវិញ បាន​លើក​ឡើងថា ទីតាំងនោះ ស្ថិតនៅ​ភូមិ​ស្តុកប្រិយ៍ ចម្ងាយប្រមាណ២គីឡូម៉ែត្រពីប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាប មានម្ចាស់ឈ្មោះ ស អួក ភេទស្រី អាយុ​៦៨ឆ្នាំ ដោយ​គេលេងជល់មាន់១គូរ ឬ២គូរ ម្តង​ម្កាលប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​បាន​និយាយថា ពួក​គាត់ពិតជាហួសចិត្តមែនទែន មិន​ដឹងថា លោកអធិការស្រុកបាទីថ្មី​ខ្លាចបារមីរបស់ម្ចាស់សង្វៀន​ឈ្មោះ យ៉ត នោះ ឬយ៉ាងណាទេបានជាមើលមិនឃើញ ហើយ​បែរជាហៅម្ចាស់តារាងបាល់​ដែល​គាត់មិនដឹងអី ឲ្យ​មក​ធ្វើកិច្ច​សន្យាហើយ​ធ្វើរបាយការណ៍​ទៅថ្នាក់លើនោះ៕

អត្ថបទ៖ នាងខ្មៅ

 

Advertisement
Advertisement