Connect with us

Hi, what are you looking for?

ក្នុងស្រុក

បងស្រីថៅកែឡេ ទ្រី ដាណា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនព្រឹកមិញ ពាក់ព័ន្ធ​បទបរិហារកេរ្តិ៍

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើការ​ចាប់ខ្លួន​អ្នក​លក់ផលិតផល​តាម​អនឡាញ​ម្នាក់ឈ្មោះ ទ្រី សុផានិត ដែល​គេ​ដឹងថា គឺជា​បងរបស់ថៅកែឡេល្បីល្បាញ ទ្រី ដាណា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ការចាប់ខ្លួនបានធ្វើឡើងនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

តាមដីកាដដែលថា ការឈានដល់ការចាប់ខ្លួនោះ គឺជនត្រូវចោទត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត៕

Advertisement
Advertisement