Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួននាយកអន្តរវិស័យសាលាខេត្តកំពង់ធំ ក្រោយយកកាំបិតប្រុងចាក់កព្រះរាជអាជ្ញារង

នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង

កំពង់ធំ៖ តាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខេត្ត​កំពង់ធំបានឲ្យដឹងថា កាលពីយប់មិញសមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតចាក់បំពង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង

រឿងរ៉ាវដែលនាំដល់ការចាប់ខ្លួននេះ គឺកើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» ខណៈលោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។ ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។

មួយសន្ទុះ ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នានោះ ។

ក្រោយមកលោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។ បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ ។ ពេលនោះជនល្មើស បាននិយាយថា ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកអោយជនល្មើសទម្លាក់កាំបិតចោលតែជនល្មើសមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់កជនរងគ្រោះ ។

ពេលនោះ ក៏មានសម្លេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិតពីជនល្មើស ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។

ជនល្មើសបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង។ ហើយបើតាម​ប្រភពខ្លះថា ជនល្មើសនេះ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនល្មើសស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត។

យ៉ាងណាក៏ដោយ ភ្លាមៗនោះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថឃាត់ខ្លួនជនល្មើសក្នុងបទល្មើសជាក់ស្តែង មកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី ៕

Advertisement
Advertisement