Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុះ​ពិនិត្យ​ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះសីហនុ ត្រឹម​មួយ​ល្ងាចម្សិលមិញ រកឃើញ​ពលករ​បរទេសរាប់សិបនាក់គ្មាន​ប័ណ្ណការងារ

សមត្ថកិច្ចចុះពិនិត្យពលករបរទេសដែលកំពុង​បម្រើការងារ​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ៖ កាលពី​រសៀល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ ក្រុមមន្រ្តីអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក ហាស់ វុត្ថា និង​មន្រ្តី​អគ្គនាយកដ្ឋាន​ការងារ បាន​ចុះ​ពិនិត្យ​ក្រុមហ៊ុនចំនួន៦ ក្នុងក្រុងព្រះសីហនុ ដែលមាន​ពលករបរទេស​កំពុង​បម្រើការងារ ក្នុងនោះបានរកឃើញ​ពលករបរទេសគ្មានប័ណ្ណការងាររាប់សិបនាក់។

សមត្ថកិច្ចចុះពិនិត្យពលករបរទេសដែលកំពុង​បម្រើការងារ​នៅ​ក្រុងព្រះសីហនុ

យោង​តាម​របាយការណ៍ក្រុមហ៊ុនទាំង៦ ដែលក្រុមការងារចម្រុះចល័តបានចុះត្រួតពិនិត្យរួមមាន៖

១-សណ្ឋាគារ ហាយជីកាង អ៉ីនធើណេសិនណល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧នាក់(ស្រី៥នាក់) បរទេសចំនួន ២នាក់ មានប័ណ្ណការងារចំនួន ១នាក់ គ្មានប័ណ្ណការងារ ចំនួន ១នាក់។

២-ភោជនីដ្ឋាន មែនជាងហង ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរ ចំនួន ១៦នាក់(ស្រី៥នាក់) បរទេសចំនួន ១១ នាក់(ស្រី១នាក់) គ្មានប័ណ្ណការងារចំនួន ១១ នាក់។

៣-ក្រុមហ៊ុន យុនណាន ខនស្រ្តាក់សិន អេន អ៉ិនវេសម៉ិន ហូលឌីងគ្រុម (ការដ្ឋានសំណង់) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧៨នាក់(ស្រី១៥នាក់) បរទេសចំនួន ៥៥នាក់(ស្រី១នាក់) មានប័ណ្ណការងារចំនួន ៤៩នាក់ គ្មានប័ណ្ណការងារ ចំនួន ៦នាក់។

៤-ក្រុមហ៊ុន ម៉ីតេ ប្រូហ្វាខេន ខនស្រ្តាក់សិន ឯ.ក ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧នាក់(ស្រី ៥នាក់) បរទេសចំនួន ៥០នាក់(ស្រី១នាក់) មានប័ណ្ណការងារចំនួន ២៣នាក់ គ្មានប័ណ្ណការងារចំនួន ២៧នាក់។

៥-ការដ្ឋានសំណង់គ្មានឈ្មោះ (ផ្លូវ LV) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន លិខិតឆ្លងដែនជនបរទេសចំនួន ១៦នាក់។

៦-ក្រុមហ៊ុន សំណង់ចិនមិតលេន (ខេមបូឌា) ខូលីធីឌី ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន លិខិតឆ្លងដែនជនបរទេសចំនួន ១១នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ការចុះប្រត្តិបត្តិការត្រួតពិនិត្យនេះ នឹង​ធ្វើ​បន្តទៀតរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះតទៅ ហើយក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ច ហត្ថពលកម្មបរទេស ចុះពិនិត្យលើប័ណ្ណ និងសៀវភៅការងារជនបរទេស តាមសហគ្រាស គ្រឹះស្ថាន កាស៉ីណូ ក្លឹបកំសាន្ត អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀត នៅក្នុងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement