Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ស្រុកកំពង់សីលាចាប់​ផ្តើម​ឈូសឆាយដី​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន

ព្រះសីហនុ៖ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ​២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ដឹកនាំដោយ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា ចុះធ្វើការឈូសឆាយផ្លូវល្បឿនលឿន ដែលមានផ្ទៃដីទំហំ ២៣២៤៥ម៉ែត្រការ៉េ បន្ទាប់ពីរដ្ឋបាលស្រុកបានចេញសេចក្តីជូនដំណឹងក្នុងការឈូសឆាយដីនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលស្ថិតនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សកម្មភាពអាជ្ញាធរស្រុកកំពង់សិលា ចុះឈូសឆាយដីសម្រាប់​ការដ្ឋានផ្លូវល្បឿនលឿន

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានមានប្រសាសន៍ថា ការចុះឈូសឆាយនេះ គឺដោយយោងលិខិតលេខ៧៦១/ដ.ក.អ ចុះថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងលេខ០៣៣/២០ស.ជ.ណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកកំពង់សីលា ដែលជូនដំណឹងដល់ប្រជាពលរដ្ឋ​៤គ្រួសារដែលមានវិវាទដីធ្លីពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿន ធ្វើការរុះរើរបង សំភារៈ ឬសំណង់ផ្សេងៗ ចេញដោយខ្លួនឯងចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ជាកំហិត ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ បានដំណើការសាងសង់ផ្លូវល្បឿនលឿន បានរួចរាល់ជាស្ថាពរតាមផែនការ។

ជាមួយ​គ្នា​នេះ រដ្ឋបាលស្រុកកំពង់សីលាក៏​បាន​ថ្លែងអំណរគុណដល់លោក លោកស្រី ជាភាគីវិវាទ ដែលបានយោគយល់អធ្យាស្រ័យ ពីការចុះអនុវត្តឈូសឆាយនេះ ដើម្បីឱ្យគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ បានបន្តការស្ថាបនាអោយរួចរាល់តាមពេលកំណត់៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement