Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្នាំនេះ ការរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុស្ពានពេជ្រធ្វើទ្រង់ទ្រាយតូច ដោយ​សារ​បារម្ភពីកូវីដ១៩

អាជ្ញាធរខណ្ឌចំការមនរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុស្ពានពេជ្រ

ភ្នំពេញ – នៅថ្ងៃអាទិត្យម្សិលមិញ គឺជា​ខួប​១០ឆ្នាំ នៃព្រឹត្តិការណ៍​មនុស្សជាង៣រយនាក់រត់ជាន់គ្នា​នៅ​លើស្ពានពេជ្រ ដោយ​ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យ​រដ្ឋបាលខណ្ឌចំការមនរៀបចំក្នុងទ្រង់ទ្រាយតូច ព្រោះតែ​បារម្ភពីការ​ចម្លង​វីរុស​កូវីដ​១៩។

អាជ្ញាធរខណ្ឌចំការមនរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុស្ពានពេជ្រ

លោក ម៉េត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា ឆ្នាំនេះរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​រដ្ឋបាល​ខណ្ឌ ជា​អ្នករៀបចំ​វិញ​ក្នុង​ទ្រង់ទ្រាយ​តូច និង​មិនមាន​ការជួបជុំ​មនុស្ស​ច្រើន​ដូច​ឆ្នាំកន្លងមក​ទេ​ ព្រោះតែ​ព្រឹត្តិការណ៍៣វិច្ឆិកា ទើបតែ​បញ្ចប់។

នៅថ្ងៃម្សិលមិញ គេឃើញរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមមន្រ្តី ព្រមទាំង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ខ្លះ ធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ។

គួរ​រំលឹក​ថា នៅក្នុងរាត្រីចុងក្រោយនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ កាលពី​ថ្ងៃ​ទី ​២២​ ខែវិច្ឆិកា ​ឆ្នាំ​២០១០​ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែលហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាល​ឲ្យ​មនុស្ស​​៣៥៣​នាក់ស្លាប់បាត់​បង់​ជីវិត​​ និង​ជាង​៤០០​នាក់បានរង​របួស៕

Advertisement
Advertisement