ភ្នំពេញ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាសថា កម្ពុជានឹងផ្តល់ម៉ាស់ចំនួនជាង១លានម៉ាស់ ព្រមទាំងសម្ភារ:ពេទ្យមួយចំនួន ដល់ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សម្ភារៈសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺខូវិដ ១៩ ដែលកម្ពុជានឹងផ្តល់ជូនប្រទេសទីម័រលេស្តនោះមានចំនួន១២មុខ ដោយរួមមាន ៖ ម៉ាស់ធម្មតាចំនួន ១លាន, ម៉ាស់ក្រណាត់ចំនួន ៥ម៉ឺន, ម៉ាស់ N95 ចំនួន១ម៉ឺន, វែនតា ១ម៉ឺន, សម្លៀកបំពាក់ការពារចំនួន ១ម៉ឺន, របាំងការពារមុខចំនួន ១ម៉ឺន, ឧបករណ៍វាស់កំដៅចំនួន ២៥០, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមចំនួន ១០, ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ១០, ម៉្សៅបាញ់សម្លាប់មេរោគចំនួន ២៥០ធុង, ស្បែកជើងកវែងចំនួន ៥០០គូ និង ទឹកសាប៊ូលាងដៃចំនួន ១ពាន់។
សូមបញ្ជាក់ថា គិតទាំងប្រទេសទីម័រលេស្ត ប្រទេសកម្ពុជាបានផ្តល់ជំនួយជាម៉ាស់ដល់ប្រទេស៣ហើយក្នុងតំបន់អាស៊ាន ដែលប្រទេស២ទៀតនោះរួមមាន ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា៕