Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋក្រីក្រជិត ១ពាន់គ្រួសារនៅខេត្តព្រះសីហនុទទួលបានអំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និង​ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អនុប្រធាន កិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ សប្បុរសជន អ្នកវិនិយោគក្នុងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៩៦៤ គ្រួសារ ក្នុងក្រុងព្រះសីហនុក្នុងនោះ ប្រជាពលរដ្ឋរស់តាមថ្នល់ និងតាមការដ្ឋានមានចំនួន ៤៨០ គ្រួសារ គ្រួសារទីទ័លក្រមកពីសង្កាត់លេខ៤ មានចំនួន ២៥៦ គ្រួសារ គ្រួសារផ្ទុកមេរោគអេដស៍ ១៥០គ្រួសារ និងសិស្សសាលាដុនបូស្កូចំនួន ៦៨នាក់ ។

នាឱកាសនោះ​ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រ​ ដោយពាំនាំសួរសុខទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះប្រជាពលរដ្ឋទីទ័លក្រនៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ ទីទ័លក្រជួបគ្រោះធម្មជាតិនានានៅទូទាំងប្រទេស​ ដោយសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាង ណាយើងត្រូវជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងដោយមិនបានដឹងនោះទេ។ ឯកឧត្តម បានថ្លែង អំណរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាមាន លទ្ធភាពក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តព្រះសីហនុ ពិសេសអង្គការម្លប់តាប៉ាង ដែលបានធ្វើសកម្មភាពជួយដល់កុមារក្នុងក្រុងព្រះសីហនុ ក៏ដូចជាគ្រួសារក្រីក្រនូវកម្មវិធីជាច្រើនដូចជា ប្រមូលកុមារឱ្យស្នាក់នៅរៀន សូត្រក្នុងមណ្ឌល និងជួយកុមារនៅតាមចិញ្ចើមផ្លូវបានចូលរៀនសូត្រនៅសាលារដ្ឋ គ្រួសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តព្រះសីហនុ អង្គការបានធ្វើសកម្មភាពចំគោលដៅ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា កន្លងមកខេត្ត បានជួបព្រឹត្តិការណ៍ពីរ គឺគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតប្តីប្រពន្ធពីរគ្រួសារ​ បន្សល់ទុកកូនកំព្រាគ្មានទីពឹង និងជួបបញ្ហាខ្វះខាតនៅក្នុងគ្រួសារ។

ទោះបីរាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរកាត់បន្ថយភាគក្រីក្រ ហើយរដ្ឋបាលខេត្ត ក្រុង​ បានរៀបចំសណ្តាប់ធ្នាប់សាធារណ: ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋដែលកំពុងរស់នៅលើចំណីផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ សូមសហការជាមួយអាជ្ញាធរខេត្តក្នុងគម្រោងពង្រីកផ្លូវសាធារណៈ ដើម្បីរៀបចំសណ្តាប់ធ្នាប់ បង្កើនសោភ័ណភាពក្នុងក្រុង និងកាត់បន្ថយការបង្កគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូ វីដ -១៩ និងត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ រក្សាភ្ជាប់នូវអនាម័យជាប្រចាំ ដោយលាងសម្អាតដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល រឺជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬ ក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាម ការណែនាំ របស់ក្រសួងសុខាភិបាល ។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុ​ ចំនួន ៩៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ០១ កេស ត្រីខ ០១យួ ប្រេងឆា ០១ដប និងថវិកា ៥០,០០០រៀល ៕

Advertisement
Advertisement