Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចម្លង​កូវីដ១៩ក្នុងសហគមន៍ចាប់ផ្តើមហើយ, សម្តេចតេជោ​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន

ក្នុងសារ​ជាសំឡេងកាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ថា ការចម្លង​វីរុស​កូវីដ​១៩​ក្នុង​សហគមន៍​លើក​ដំបូង​នៅ​កម្ពុជា​ចាប់​ផ្តើម​ហើយ ក្រោយ​ពី​គេ​បានរកឃើញស្រ្តីម្នាក់ជា​ប្រពន្ធ​របស់​ប្រធាន​អគ្គនាយក​ពន្ធនាគារ​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩។

តាមរយៈ​សារ​សំឡេង​នេះ សម្តេចតេជោ​ក៏​បាន​ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ត្រូវ​ធ្វើ​ចត្តាឡីស័ក ដែល​ក្នុង​នោះ​ក៏​រួមមានទាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យ៉ាងណាក៏ដោយ សម្តេចតេជោ​ក៏​បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពាក់ព័ន្ធនឹង​ករណីប្រពន្ធរបស់អគ្គនាយកពន្ធនាគារ​ត្រូវ​រកឃើញ​វិជ្ជមានវីរុស​កូវីដ​១៩នេះ បើ​តាមមន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា គិត​ត្រឹម​យប់មិញ គេ​បានរកឃើញ​មនុស្ស​សរុបចំនួន ៦នាក់ហើយ ក្នុងនោះ​រួម​មាន លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ, ប្រពន្ធរបស់គាត់ ព្រមទាំងមនុស្ស​៤នាក់​ផ្សេង​ទៀត។

ជាវិធានការ​បន្ទាន់ ក្រសួងក៏​បានសម្រេច​បិទ​ផ្សារ​អ៊ីអន១ ដែលអ្នកវិជ្ជមាន​វីរុស​កូវីដ​១៩​បានទៅទីនោះ ព្រមទាំងទីតាំង​មួយ​ចំនួនទៀត៕

Advertisement
Advertisement