Connect with us

Hi, what are you looking for?

ក្នុងស្រុក

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ

សៀមរាប – ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិ អប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរ ខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ និងគ្រោងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។

សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយហ្វូងដទៃទេ ហើយ គ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែន ព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា ២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហព្រៃនៅ សេសសល់ គឺបម្រុងសម្រាប់កូនៗបែកពីមេ-បា។

កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល (កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ (Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។

ក្រៅពីនោះ កន្លងមកក៏មាន ការដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ៕

Advertisement
Advertisement