Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេចក្រឡាហោម ណែនាំអាជ្ញាធរ ត្រូវទទួលយកព័ត៌មានរិះគន់ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

(ប៉ៃលិន) – ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចក្រឡាហោមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានត្រូវតែទទួលយកព័ត៌មានដែលរិះគន់ និងព័ត៌មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សម្ដេចថា នៅលើសកលលោកប្រហែលជាមិនត្រូវការព័ត៌មានមិនពិតឡើយ ព្រោះថា យកទៅប្រើប្រាស់មិនកើត ចង់បានតែព័ត៌មានពិត ដើម្បីងាយស្រួលធ្វើការងារអ្វីមួយជូនប្រជាពលរដ្ឋ។ ហេតុដូច្នេះ សម្ដេច ជំរុញអាជ្ញាធរគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវចៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។

«សូមកុំភ្លេចថាព័ត៌មានពិត មិនមែនបានសេចក្តីថា ទាល់តែគេសរសើរយើង បានយើងថាព័ត៌មានពិត ដល់ពេលគេទិះទៀនយើង ដែលត្រឹមត្រូវដែលពិត បែរជាយើងថាមិនពិត អាហ្នឹងក៏ខុសដែរ។ ការពិតដែលយើងចង់បាន ការសរសើរក៏យើងចង់ បាន អាមិនសរសើរ ក៏យើងចង់បាន ប៉ុន្តែឱ្យតែវាពិត អាហ្នឹងដូចពាក្យគេថា កាលណាយើងចូលចិត្តស្ដាប់តែការសរសើរ បើមិនចូលចិត្តស្ដាប់ការរិះគន់ប្រែមកថាមិនពិត។ ពីព្រោះមនុស្សម្នាក់ៗ គ្មាននរណាដែលល្អឥតខ្ចោះ ហើយធ្វើត្រូវទាំងអស់ទេ គឺវាតែងតែមាន ហើយបើមានតែមិនល្អ មានតែល្អក៏វាមិនពិត ព្រោះបញ្ហាវានៅត្រង់ហ្នឹង…»។

ជាមួយ​គ្នា​នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញអាជ្ញាធរទូទាំងប្រទេស ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

Advertisement
Advertisement