Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រដ្ឋមន្ត្រីទេសចរណ៍ ៖ ​ពលរដ្ឋអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

_

(ភ្នំពេញ) – រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា សម្រាប់​ឱកាសឆ្លង​ឆ្នាំសកលខាងមុខនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តបាន ប៉ុន្តែគ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។

_

«យើងអនុញ្ញាតឱ្យដើរកម្សាន្តវិញបាន ប៉ុន្តែសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ គឺគ្មានការទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសឡើយ ប៉ុន្តែដាច់ខាតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ហើយកុំភ្លេចឱ្យសោះនូវការរក្សាគម្លាតសុវត្ថិភាព»។

បើតាមលោក ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។

គួរជម្រាបថា ទោះបីស្ថិតក្នុងដំណាក់វិបត្តិកូវីដ-១៩ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងដ៏ឆាប់រហ័ស (លើកលែងតែក្នុងរយៈពេលនៃព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា) ដែលបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែកផងដែរ ជាពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋាន៕

Advertisement
Advertisement