Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តព្រះសីហនុ តម្រូវ​ឲ្យ​ពលរដ្ឋរស់នៅជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុត្រូវរុះរើឲ្យ​បានមុនថ្ងៃទី២៨ ខែកុម្ភៈ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្ម នៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅលើវិថី៧មករា (ផ្លូវលេខ២០០) ជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវរុះរើសំណង់ និងសំភារៈផ្សេងៗ ចេញជាបន្ទាន់។

នៅពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើទីតាំងខាងលើរួចហើយដែរ តែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរួចហើយ ប៉ុន្តែនៅមានម្ចាស់សំណង់មួយចំនួនទៀតមិនទាន់បានអនុវត្តតាមសេចក្តីជូនដំណឹងទេ ទើបធ្វើឲ្យមានការអូសបន្លាយពេលមកដល់បច្ចុប្បន្ន។

ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងជាលើកចុងក្រោយ ដោយទុកពេលអោយរុះរើសំណង់ និងសំភារៈផ្សេងៗ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ជាកំហិត។

ក្នុងករណី លោក លោកស្រី មិនរុះរើតាមខ្លឹមសារលិខិតនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដូចផ្អែកតាមមាត្រា៧១ នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា “ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០រៀល ទៅ ២.០០០.០០០រៀល។

ផ្អែកតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋបានចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ “រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល ដល់ ១០.០០០.០០០រៀល ៕

ដោយ៖ នាគសមុទ្រ

 

 

Advertisement
Advertisement