Connect with us

Hi, what are you looking for?

កីឡា

ថ្ងៃនៃក្តីស្រឡាញ់ខាងមុខ ខេត្ត​ព្រះសីហនុ​នឹង​រៀបចំព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentine’s Bike Race

ព្រះសីហនុ – ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentine’s Bike Race ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលមានវិញ្ញាសាកីឡាជិះកង់ដូចខាងក្រោម៖

១-ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ចាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។

២-ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី (Fun Ride) ២៥គីឡូម៉ែត្រ ចាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។

៣-ជិះកង់ក្រុមគ្រួសារ និងគូរសេ្នហ៌ (Family Couple Ride) ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការរីករាយស្វាគមន៍ចំពោះក្រសួងទេសចរណ៍ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ នេះជាលើកទីមួយក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់នៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្យាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។

_

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងវិញនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ហើយក្រសួងនឹងបង្កើតព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង និងព្រឹត្តិការណ៍ផ្សេងៗទៀតឱ្យកាន់តែច្រើននៅក្នុងខេត្តព្រះសីហនុក្រោយពីបញ្ចប់ជំងឺកូវីដ-១៩។

_

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា រហូតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមកម្មវិធីខាងលើ មានចំនួនជិត ១០០នាក់ ក្នុងនោះមកពីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ លោកក៏បានសំណូមពរដល់រដ្ឋបាលខេត្ត រកទីតាំងឱ្យក្រុមកីឡាករបោះតង់ស្នាក់នៅឆ្នេរក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះសុំជួយអន្តរាគមន៍ពីសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីត្រៀមបង្ការក្រែងមានឧបទ្ទវហេតុកើតឡើងណាមួយ៕

_

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement