Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ទំនៀមចាប់ត្រីរួមគ្នា ត្រៀមឡើងមាឃរបស់អ្នកស្រុកអង្គរនៅតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន

_

សៀមរាប – ជារៀងរាល់ឆ្នាំ ច្រើនជំនាន់មនុស្សមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនដែលខកខាននិងតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណ។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុកបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

លោក ពេជ្រ ឃិន មេភូមិភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតសម្រាប់ធ្វើទឹកនំបញ្ចុក និងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតាតាមទំនៀមបុរាណ។

_

លោកមេភូមិឱ្យយដឹងទៀតថា ឆ្នាំនេះសម្បូរត្រី។ ប៉ុន្តែដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ចុងឆ្នាំច្រើនទឹកបឹងមិនសូវស្រក ការចាប់ត្រីក៏បានតិច។ ហេតុដូច្នេះ បានជាត្រូវពន្យារការចាប់ត្រីពីថ្ងៃ៣កើត ខែមាឃ ដែលធ្លាប់ធ្វើរាល់ឆ្នាំ មកថ្ងៃ៩រោច ខែមាឃវិញ។ ទោះបី ពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។

ប្រជាជនក្នុងភូមិបង្គោង យុវជន លោក យឿន តារា ដែលក្រោកមកចាំចាប់ត្រីតាំងពីព្រលឹមស្រាងៗ បានសម្តែងចិត្តសប្បាយរីករាយដែលបានមកចាប់ត្រីរួមគ្នា ដែលបង្ហាញការសាមគ្គីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសរក្សាបាននូវទំនៀមទម្លាប់ដែលមានតាំងពីយូរលង់មកហើយ។ ក្នុងនាមជាយុវជន លោកចង់ឱ្យទំនៀមនេះនៅតែបន្តសម្រាប់ឱ្យកូនចៅជំនាន់ក្រោយស្គាល់រហូតតទៅ។

_

_

ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហគមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

Advertisement
Advertisement