Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការតាំងពិព័រណ៍របស់ក្រុមហ៊ុនមួយ ក្រោយ​មិនគោរពការណែនាំពីវិធានការការពារកូវីដ១៩

ព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ១១ ខែកុម្ភៈ ២០២១ បានចេញលិខិតជូនដំណឹងមួយ ស្តីពីការបញ្ឈប់ការតាំងពិព័រណ៍លក់ផលិតផលក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា មូលហេតុដែលមានការបញ្ឈប់ ការរៀបចំការតាំងពិព័រណ៍លក់ផលិតផលក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងលើនេះ ព្រោះក្រុមហ៊ុន មិនបានអនុវត្តតាមខ្លឹមសារលិខិតលេខ ០១៤សខល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពី «ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍» និងមិនអនុវត្តតាមស្មារតីអង្គប្រជុំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមិនបានចែកម៉ាស់ និងវាស់កម្តៅបានគ្រប់ជ្រុងជ្រោយ មានមនុស្សមួយចំនួនចេញ-ចូលតាមច្រកផ្សេងៗ ដោយសារគ្មានរបងព័ទ្ធជុំវិញ ព្រមទាំងមិនបានរៀបចំឱ្យមានគម្លាតសុវត្ថិភាពចម្ងាយ ១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចបណ្តាលឱ្យឆ្លងជំងឺកូវីដ-១៩។

ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ឈប់ការតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទីរសៀល នេះតទៅ៕

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement