Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ប្រកាស​រកសាច់ញាតិទាហានម៉ារីនដែលលិចនាវានៅទន្លេមេគង្គ

ក្នុងឱកាស​ជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ធ្វើការ​ប្រកាស​រកសាច់ញាតិ​ទាហាន​ម៉ារីន​ម្នាក់ ដែល​គេ​រកឃើញ​ស្លាកឈ្មោះ និង​ឆ្អឹង​នៅ​ក្នុង​នាវា​ដែលបាន​លិច​​នៅ​ក្នុង​ទន្លេមេគង្គ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យ​តាម​ប្រពៃណី។

ទាហានម៉ារីននោះ ឈ្មោះ ឈឹម ឈាងលី ដោយ​មាន​អក្សរ​ឡាតាំង CHHIM – CHHEANG-LY ។

«ដូច្នេះ​ពី​បញ្ជាការដ្ឋាន NPMEC សូម​យក​ឱកាស​នេះ ប្រកាស ក៏ដូចជា​អំពាវនាវ ឬ​ផ្សាយ​ជូន​ដល់ ក្រុមគ្រួសារ នៃ​សព​ដែលមាន ឬ​បាត់​កូនចៅ គ្រួសារ​សាច់ញាតិ របស់លោក ឈឹម ឈាង​លី សូម​ទំនាក់ទំនង មកកាន់​អាជ្ញាធរខេត្ត​កំពង់ចាម ឬ​មក​កង NPMEC ដើម្បី​មក​ទទួលយក​ធាតុ ជា​ឆ្អឹង​របស់គាត់ ទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​»។​ ប្រសាសន៍សម្តេច ស ខេង។

ជាមួយ​គ្នា​សម្តេច​ ស ខេង ក៏បាន​បញ្ជាក់ដែរថា មកដល់ពេលនេះ យើង​នៅ​មិនទាន់​ដឹងថា នៅមាន​ឆ្អឹង​សព​កង​ទាហាន​ម៉ា​រី​ន ប៉ុន្មាន​នាក់​ទៀត​នោះទេ​? ប៉ុន្តែ​សម្តេចបានស្នើ​ដល់​ក្រុម​ប្រតិបត្តិ​ករ ដែល​រុករក​ប្រសិនបើ ប្រទះឃើញ​ឆ្អឹង​ធាតុ​ទៀត ជួយ​ស្រង់​មើល​ផ្លាកឈ្មោះ ប្រកាស​ផ្សព្វផ្សាយ រក​សាច់ញាតិ មក​ទទួលយក ទៅធ្វើ​បុណ្យ ដូច​អីចឹង​ទៀត​៕

Advertisement
Advertisement