សេដ្ឋកិច្ច
មិនធម្មតា! យុវជននៅស្រុកបន្ទាយស្រីម្នាក់ អាចរកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយខែ ពីការចិញ្ចឹមឃ្មុំ
សៀមរាប – យុវជន លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បានថ្លែងថា ខ្លួនអាចរកចំណូលបានជាង៥ពាន់ដុល្លារនៅក្នុងមួយខែពីរបរចិញ្ចឹមឃ្មុំ។
យុវជនរូបនោះថា ខ្លួនបានប្រើរយៈពេល៤ឆ្នាំ ក្នុងការសិក្សាពីការចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី ហើយពេលនេះ លោកបានមកចិញ្ចឹមឃ្មុំនៅស្រុកកំណើតចំនួន១០០ធុង ដោយអាចប្រមូលទឹកឃ្មុំបាន ៤៥០លីត្រក្នុងមួយខែ និងលក់បាន១លីត្រ ១០ម៉ឺនរៀល។
លោកថា ការចិញ្ចឹមឃ្មុំ មានភាពងាយស្រួលជាងការដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ ហើយថា នៅស្រុកបន្ទាយស្រីនេះ គឺជាទីតាំងល្អមួយ ក្នុងការចិញ្ចឹមឃ្មុំដោយសារ នៅទីនេះមានផ្កាព្រៃ និងផ្កាដែលគេដាំច្រើន ងាយស្រួលដល់មេឃ្មុំទៅក្រេបយកលម្អង។ ដូច្នេះទឹកឃ្មុំដែលផលិតបាន មានរសជាតិដូចនឹងឃ្មុំព្រៃធម្មជាតិដែរ ដោយពុំមានដាក់លាយសាធាតុផ្សំឡើយ។

_

_
នៅថ្ងៃអនាគត ម្ចាស់កសិដ្ឋានរូបនេះ មានគម្រោងដាក់ធុងចិញ្ចឹមឃ្មុំបន្ថែមទៀត និងរៀបចំកន្លែងចិញ្ចឹមឃ្មុំនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាបឲ្យច្រើន និងទាញយកប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
