Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីបំផុត តុលាការ​ចេញដី​កាឲ្យ​ឃុំ​ខ្លួន​អតីតអធិការស្រុកកំរៀង

ទីបំផុតទៅ នៅ​រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

នៅក្នុងដីការបស់ចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេច៖ ទី១៖ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។ ទី២៖ បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ទី៣៖ បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។

គួរ​បញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា៕

Advertisement
Advertisement