Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជានឹងអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកល្មើសច្បាប់នៅដើមឆ្នាំក្រោយ

ភ្នំពេញ – លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបំប្រព័ន្ធ ITមួយថ្មីទៀត ក្នុងការចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ មានកម្មវិធី Scanលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។

ថ្លែងក្នុងបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញការងាររៀបចំប្រព័ន្ធនេះឱ្យបានចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដើម្បីយកទៅធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែងនៅថ្ងៃ១ ខែមករា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

លោកថា ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន គឺនឹងមានការកាត់ពិន្ទុលើបណ្ណបើកបរចំពោះអ្នកបើកបរយានយន្តខុសច្បាប់ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរល្មើសភ្លើងសញ្ញា បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ជាដើម ហើយបើកាលណាដកពិន្ទុអស់ហើយ គឺអ្នកបើកបរនោះមិនត្រូវបានអនុញ្ញាតឱ្យបើកបរទៀតនោះទេ ដោយត្រូវព្យួរទុក រយៈពេល៦ខែ ឬអាចដល់១ឆ្នាំ ទៅតាមច្បាប់កំណត់។

ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុ ក្នុងករណីប្រព្រឹត្តបទល្មើសម្តង។

ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ ហើយបើអ្នកបើកបរចង់បានបណ្ណ បើកបរថ្មី ត្រូវរៀន និងប្រឡងយក បណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

Advertisement
Advertisement