Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី

ព្រះសីហនុ៖ ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង លោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី ជំនួសលោក ហុង មេ៉ងហួ ដែលរាជរដ្ឋាភិបាលបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងផែនការ នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ទើបតែចូលកាន់តំណែងថ្មីបានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

១-យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីបន្តពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំដើម្បីជាធ្លុងមួយ និងឧត្តមប្រយោជន៍ដល់ការសម្រេចបាននូវលទ្ធផលជាផ្លែផ្កាល្អប្រសើរជូនដល់មន្ទីរផែនការ។

២-គោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវស្មារតី មនសិការទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន សំដៅរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ។

៣-ខិតខំពង្រឹងសមត្ថភាពរៀនសូត្រ ដកស្រង់នូវបទពិសោធន៍ល្អពីរៀមច្បង សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្តិគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជារបស់ក្រសួង និងរបស់ខេត្ត ដោយផ្សារភ្ជាប់ជាមួយចំណេះដឹងផ្នែកទ្រឹស្ដី សម្រាប់អភិវឌ្ឍន៍សមត្ថភាពជំនាញក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ។

៤-ខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីធានានូវការអនុវត្តភារកិច្ច ដែលមានចែងនៅក្នុងប្រកាសស្តីពីការប្រព្រឹត្តទៅនៃមន្ទីរផែនការរាជធានីខេត្ត ។

៥-ខិតខំរក្សាប្រពៃណីសាមគ្គីភាពមន្ត្រីរាជការនៅក្នុងមន្ទីរផែនការខេត្តឱ្យបានល្អប្រសើរ ។

៦-ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមានសាមគ្គីភាពជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្តឱ្យបានល្អប្រសើរ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរចំពោះលោក តោ មុនីសាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងផែនការ បានផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹកនាំមន្ទីរផែនការខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និង​ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនដើម្បីធ្វើឱ្យការងារផែនការខេត្តព្រះសីហនុ មានការរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយគ្រប់មន្ទីរអង្គភាព ឱ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

ឯកឧត្តមអភិបាលខេត្តបន្តថា នៅក្នុងអំឡុងពេលនេះរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំយុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ អង្គភាពជួរមុខ និងប្រជាពលរដ្ឋហើយជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានឱ្យលោក ប្រធានមន្ទីរផែនការខេត្តសីហនុទើបតែតែងតាំងថ្មី ឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុអោយបានត្រឹមត្រូវ និងត្រូវខិតខំរួមគ្នាជាមួយមន្ទីរសុខាភិបាល សម្រាប់រៀបចំផែនការជាក់ស្តែងបន្ថែមទៀត ដើម្បីត្រៀមគ្រូពេទ្យ ទីតាំង និងឧបករណ៍ ឲ្យមានភាពងាយស្រួលគ្រប់គ្រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនាពេលបន្ទាប់និង ឆាប់ៗបំផុត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការត្រូវបានប្រកាសតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងមន្ទីរ ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការនិងស្ថិតិ ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement