Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរចុះរុះរើខ្ទម និងផ្ទះដែលសង់លើទីតាំងដីមានបណ្ណ័កម្មសិទ្ធិ ក្នុងស្រុកស្ទឹងហាវ, ពលរដ្ឋលើកគ្នាប្រឆាំង

ព្រះសីហនុ៖ កាលពីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានកិច្ចសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះអនុវត្តធ្វើការរុះរើខ្ទមនិងផ្ទះដែលសង់លើទីតាំងដីមានបណ្ណ័កម្មសិទ្ធិរបស់អ្នកដទៃ ដែលស្ថិតនៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយពលរដ្ឋជាច្រើននាក់ដែលមានផ្ទះនិងដីនៅតំបន់នោះបានលើកគ្នាតវ៉ាប្រឆាំងក្នុងការចុះអនុវត្តរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជនកំពុងបន្តផ្តុំគ្នា ដើម្បីស្នើសុំអោយមានការដោះស្រាយ និងទទួលខុសត្រូវចំពោះការរុះរើបំផ្លាញផ្ទះ និងដំណាំរបស់គាត់។

ដោយហេតុដូចនេះហើយអាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានព្យាយាមសម្របសម្រួលព្រមទាំងមានវិធានការបន្ត ទៅលើខ្ទមនិងផ្ទះចំនួន ៥៨ខ្នងក្នុងចំណោមផ្ទះប្រមាណជាង ៧០ខ្នង និងដំណាំមួយចំនួនផងដែរ ដោយត្រូវបានរុះរើឈូសឆាយចោល ដោយសារគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៣គ្រឿងត្រូវបានប្រជាពលរដ្ឋគុបដបសាំងបណ្តេញចេញ ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ និងបានស្ទាក់ទុកមិនអោយចេញ ហើយព្រមទាំងព្រមានដុតកំទេចចោលបើមិនមានដំណោះស្រាយជូនពួកគាត់នោះ។

សូមបញ្ជាក់ផងដែរថានៅក្នុងខ្ទមឬផ្ទះទាំងនោះខ្លះមានម្ចាស់រស់នៅខ្លះបិទទ្វារចោល មួយវិញទៀតជាខ្ទមចាំដីនិងមានក្បាលដីខ្លះធ្វើរបងហ៊ុំព័ទ្ធទុកចោល ហើយនៅក្នុងនោះប្រជាជនខ្លះបាននិយាយថាពួកគាត់បានចូលមកកាប់ទន្ទ្រាន​យកជាចំណែកតូចៗធ្វើផ្ទះនៅ ព្រោះជីវភាពខ្វះខាត រីឯអ្នកខ្លះទៀតបានទិញពីគេ ក្នុងការអូសទាញរបស់មេខ្យល់ដោយលើកហេតុផលថាទីនេះជាដីរដ្ឋ និងជាដីគម្របព្រៃឈើ។

ដោយយោងតាមឯកសារដីនេះមានបណ្ណ័រឹង និងចុះហត្ថលេខាដោយលោក ចេង ស្រុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលមានទំហំ១០០ហិចតាស្មើនឹង២០បណ្ណ័ ហើយប្រវត្តិបណ្ណ័នេះមានឈ្មោះដើម គង់ មាលា ភេទស្រី កើតឆ្នាំ១៩៦២ បានលក់ឡៃឡុងអោយទៅឈ្មោះ ឆៃ ជីងហ៊ាង ។

ដោយហេតុដូចនេះហើយរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងនៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មករដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីដឹកនាំរៀបចំតាមនីតិវិធី ដូចនេះរដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលនៅតំបន់នោះអោយរុះរើចេញពីទីតាំងដីកម្មសិទ្ធរបស់គេប៉ុន្តែប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្តីជូនដំណឹងឡើយ នៅតែបន្តសកម្មភាព(ទិញ/លក់)តគ្នា ថែមទាំងសង់ផ្ទះថ្មីៗបន្ថែមដោយគ្មានអាជ្ញាធរដឹងឮ ហេតុដូចនេះហើយអាជ្ញាធរស្រុកស្ទឹងហាវ បានសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការរុះរើចេញពីទីតាំងដីកម្មសិទ្ធនេះដោយមិនមានដំណោះស្រាយអ្វីឡើយ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement