Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជាប់ពន្ធនាគារ​អស់១ឆ្នាំព្រោះតែលួចគេ ចេញមកវិញ​លួចទៀត ឥឡូវ​ប៉ូលិសចាប់ទៅវិញ

តាកែវ – យុវជន​ម្នាក់ដែលធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំពីបទ​អំពើលួច នឹង​ទើប​ចេញ​មក​វិញ​កាលពីដើមខែធ្នូ ឆ្នាំ​២០២០កន្លងទៅ ឥឡូវ​នេះ ត្រូវ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​ចាប់​ខ្លួន​ម្តង​ទៀត ក្រោយ​ពីធ្វើ​សកម្មភាព​លួចទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ។

ការចាប់ខ្លួននោះ បានធ្វើ​ឡើង​កាលពីវេលាម៉ោង​ប្រមាណ ៩ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ក្រោយ​ពីមាន​ពាក្យ​បណ្តឹង​របស់គ្រូបង្រៀនម្នាក់ថា មានគេ​ចូល​មក​គាស់ទូយកលុយ​របស់​គាត់​អស់​ប្រមាណ ៣០ម៉ឺន​រៀល នៅ​ចំណុច​សាលា​ឯកជន ស្ថិត​ក្នុង​ភូមិ​ល្វា​ត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យត្រូ​វបាន​បញ្ជាក់ថា មានឈ្មោះ លី សេងហុង ភេទប្រុស អាយុ​២៣ឆ្នាំ មាន​មុខរបរមិន​ពិត​ប្រាកដ និង​រស់​នៅ​ភូមិ​ព្រៃល្វាកើត ឃុំ​ព្រៃល្វា ស្រុកព្រៃកប្បាស។

តាមជនរងគ្រោះថា ខ្លួនបានទុកលុយ​នៅ​ក្នុង​ហិបដែក ហើយ​ដាក់​ក្នុង​ទូលក់ភេសជ្ជៈ នៅខាងមុខ​អគារ​សិក្សា ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ផ្លោះ​របងចូល​ទៅ​យក​កូន​កាំបិត​ចុងស្រួច​ប្រវែង ៣០សង់ទីម៉ែត្រ​ចាក់វះ​ហិបដែកលូក​យក​លុយ ហើយ​គេច​ខ្លួនបាត់។

យ៉ាងណាក៏​ដោយ បច្ចុប្បន្ន​ជនសង្ស័យត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យកទៅ​កាន់អធិការ​ដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Advertisement
Advertisement