Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីតាំងចំនួន៣២ ដែលរដ្ឋបាលខេត្តព្រះសីហនុ ផ្អាកជាបណ្តោះអាសន្ន ត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក

ព្រះសីហនុ៖ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ដោយគិតត្រឹមល្ងាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជនចំនួន ៣២ទីតាំងហើយ ដែលត្រូវបានរដ្ឋបាលខេត្ត ចេញលិខិតផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីសម្រេចនូវការដាក់ទីតាំងចំនួន ៣២ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតផ្អាកអាជីវកម្មជាបណ្តោះអាសន្នជា មណ្ឌលចត្តាឡីស័ក សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តបានស្នើឱ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលត្រូវបានកំណត់ធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារ នៃកិច្ចសន្យាជាមួយក្រុមការងារប្រចាំការនៅតាមគោលដៅនីមួយៗរួមមាន៖

១-យល់ព្រមផ្អាកបណ្តោះអាសន្នអាជីវកម្មគ្រប់ប្រភេទតាមលិខិតជូនដំលឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

២-ត្រូវសហការជាមួយក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំបញ្ជីឈ្មោះ និងស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងទីតាំងឱ្យបានមកយកសំណាក និងធ្វើចត្តាឡីស័កឱ្យបានគ្រប់ៗគ្នា។

៣-ត្រូវរៀបចំតម្រង់ជួរភ្ញៀវឱ្យមានសណ្តាប់ធ្នាប់មិនដើររហេតរហូត មិនប៉ះពាល់គ្នា រក្សាគម្លាតសុវត្ថិភាពក្នុងពេលយកសំណាកធ្វើតេស្ត។

៤-ត្រូវណែនាំដល់ភ្ញៀវ បុគ្គលិកនិងអ្នកពាក់ព័ន្ធក្នុងពេលធ្វើចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវការណែនាំរបស់ក្រសួងសុខាភិបាល ដោយស្នាក់នៅដាច់ដោយឡែកពីគ្នា មិនឆ្លងបន្ទប់គ្នា មិនប៉ះពាល់គ្នា និងរក្សាភាពស្ងៀមស្ងាត់។

៥-ត្រូវយកចិត្តទុកដាក់ពិនិត្យមើលបញ្ហាសុខភាពអ្នកត្រូវធ្វើចត្តាឡីស័ក ហើយរាយការណ៍ជូនក្រុមការងារជាប្រចាំ។

៦-ត្រូវសហការជាមួយក្រុមការងារដើម្បីពិនិត្យ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគក្នុងទីតាំង ជុំវិញទីតាំងអគារតាមការចាំបាច់។

៧-ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកំទេចចោល។

៨-ត្រូវខិតខំស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធជាមួយទីតាំង ដែលបានចេញទៅខាងក្រៅមុនពេលបិទទីតាំងដើម្បីយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

នៅក្នុងការធ្វើចត្តាឡីស័ក បុគ្គលដែលត្រូវធ្វើចត្តាឡីស័កត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖ អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល មិនត្រូវចាកចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័ក ហើយត្រូវសហការជាមួយមន្ត្រីសុខាភិបាលដើម្បីធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងផ្តល់ព័ត៌មានដល់មន្ត្រីសុខាភិបាល អំពីបុគ្គលដែលសង្ស័យថាអាចមានជំងឺកូវីដ-១៩ ឬអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នកដែលត្រូវធ្វើចត្តាឡីស័ក និងផ្តល់ព័ត៌មានផ្សេងទៀតតាមការចាំបាច់ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវរបស់មន្ត្រីចត្តាឡីស័ក និងការកំណត់នៃច្បាប់។

អាស្រ័យដូចនេះ រដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមនិងជឿជាក់ថា ម្ចាស់ទីតាំងទាំងអស់នឹងចូលរួមសហការដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៃការរីករាលដាលក្នុងព្រឹត្តិការណ៍២០កុម្ភៈ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement