Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា គឺជា​ប្រទេស​ដំបូងគេ​នៅអាស៊ានដែល​ទទួល​បានវ៉ាក់សាំងកូវីដ​១៩ ពី COVAX

ភ្នំពេញ – ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់ទុកថា គឺជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់អាស៊ាន ដែល​ទទួលបានវ៉ាក់សាំងកូវីដ​១៩ AstraZeneca ពីយន្តការ COVAX ដោយក្នុងនោះវ៉ាក់សាំង​ចំនួន ៣២៤ ០០០ដូស ក្នុង​ចំណោម​វ៉ាក់សាំង​សរុប ១.១លានដូស បានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានថ្លែងថា «អង្គការសុខភាពពិភពលោក កំពុងធ្វើការងារយ៉ាងជិតស្និតជាមួយនឹង Gavi CEPI និង យូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំង ប្រកបដោយយុត្តិធម៌ និងសមធម៌។ យើងមានមោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះ។ បន្ថែមលើការអនុវត្តវិធានការសុខភាពសាធារណៈ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់ សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាល មិនឱ្យរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស»។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «នៅដំណាក់កាលដំបូងៗនៃ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សំាងនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារតែមេរោគកូវីដ-១៩។ នេះគឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំង ដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុងគោលបំណងសម្រេចឱ្យបានលទ្ធផល ជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ច ប្រទេសឡើងវិញផងដែរ» ។

សូម​បញ្ជាក់ដែរថា វ៉ាក់សាំង AstraZeneca/SII ដែលផ្តល់ដោយយន្តការ COVAX បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងស្ថានភាពបន្ទាន់ ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលដែលអង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៕

Advertisement
Advertisement