Connect with us

Hi, what are you looking for?

ក្នុងស្រុក

ល្បិចទន្រ្ទានដីរដ្ឋរាប់សិបហិកតានៅស្រុកគិរីវង់

ការទន្រ្ទានដីរដ្ឋរាប់សិបហិកតានៅស្រុកគិរីវង់ អ្នក​មាន​លុយ​យកប្រជាពលរដ្ឋ​ក្រីក្រធ្វើជាខែល

តាកែវ – ការកាប់​ទន្រ្ទានដីព្រៃរបស់រដ្ឋរាប់សិបហិកតាស្ថិត​នៅ​ក្នុង​ស្រុក​គិរីវង់ ឥឡូវនេះ​គេ​បានដឹង​ពី​ល្បិច​របស់អ្នក​មាន​លុយ អ្នក​មាន​អំណាចទាំងនោះ​ក្នុង​សកម្មភាព​ទន្រ្ទានហើយ ដោយ​ពួក​គេ​បានប្រើប្រាស់​ប្រជាពលរដ្ឋក្រីក្រធ្វើជា​ខែល។

តាមសេចក្តីរាយការណ៍ អ្នក​មានលុយ​ទាំងនោះ បានប្រើប្រាស់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ជួល​ពួក​គាត់​ឲ្យ​ចូល​ទៅ​កាប់ព្រៃម្នាក់ ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ, នៅពេល​កាប់​រួចរាល់ហើយ គេ​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដុតព្រៃ ក្នុង​ម្នាក់ ១០ម៉ឺន​រៀល​សម្រាប់​១ថ្ងៃទៀត។ ហើយ​បើ​សល់​ឈើ​ធំៗ​នៅ​លើ​ដីនោះ គេជួល​ឲ្យ​ប្រជាពលរដ្ឋ​យក​ឈើ​ទាំងនោះ​ចេញ ដោយ​តម្លៃ ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃថែមទៀត។

ទីបំផុត​ទៅ​ ការទន្រ្ទានដីព្រៃ ដីភ្នំ នៅ​ក្នុង​ស្រុកគិរីវង់នោះ គឺជា​ប្រជាពលរដ្ឋក្រីក្រជាអ្នកទន្រ្ទាន ដូចដែល​លោកមេឃុំ​រាមអណ្តើក​ធ្លាប់លើកឡើងហើយថា គឺប្រជាពលរដ្ឋ​បានអាស្រ័យផលនៅ​លើដីនោះ​ជាយូរណាស់មកហើយ ដោយ​មានទាំងដំណាំថែមទៀត, តែនៅពេលបន្តិចទៀត ពេលដែលមាន​ការស្នើ​ទៅ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់ឈ្វៀល​ដី​រដ្ឋ មក​ជា​ដីឯកជននោះ ច្បាស់​ណាស់ថា ឈ្មោះ​ម្ចាស់ដី សុទ្ធ​សឹង​តែ​ជាអ្នក​មា​នលុយ មានអំណាច ដោយ​ខ្លះ​ជា​មន្រ្តីសុរិយោដី ព្រមទាំង​មន្រ្តីដែល​នៅ​ក្បែរ​ចៅហ្វាយខេត្ត​តាកែវថែមទៀតផង។

យ៉ាងណាក៏ដោយ ក្រោយ​ពី​មាន​ការ​បែកធ្លាយ​នូវ​ការ​ទន្រ្ទានដីព្រៃរបស់នៅក្នុង​ភូមិ​សាស្រ្ត​ស្រុកគិរីវង់នេះ គេ​ឃើញ​លោក ស៊ឹម ឡាប៉ាង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានដឹកនាំ​កម្លាំង​ចុះ​ទៅពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើហើយ ខណៈ​ពេល​មាន​ការ​ទន្រ្ទានដំបូង គេ​មិន​បាន​ឃើញ​សមត្ថកិច្ច​ព្រៃឈើ​ចុះ​មក​សោះ រហូត​ដល់បែកធ្លាយពី​ការ​ទន្រ្ទានដីព្រៃ និង​ភ្នំរាប់សិបហិកតា ទើប​រដ្ឋបាលព្រៃឈើ​ចុះ​មក​។

គួរ​បញ្ជាក់ថា ដីព្រៃរបស់រដ្ឋរាប់សិបហិកតា ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំកំពែង នៃស្រុកគិរីវង់ ត្រូវ​បានគេ​កាប់ទន្រ្ទាន​ ដោយ​ខ្លះ​មាន​ទាំងដាំដំណាំ​ថែមទៀត ហើយបើតាម​ការ​ស្រាវជ្រាវ គេ​បានរកឃើញ​មនុស្ស​ចំនួន១៥នាក់ ដែលពាក់ព័ន្ធនឹង​ការ​ទន្រ្ទាននេះ។

ក្នុងនោះ នៅក្នុងឃុំរាមអណ្ដើក មានមនុស្សចំនួន៦នាក់ ទី១.ឈ្មោះ អ៊ូ សុធារឹទ្ធ រស់នៅភ្នំពេញទន្រ្ទានបានចំនួន២ហិចតាកន្លះ, ទី២.ឈ្មោះ ឃុត ប៊ុនធឿន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃសាលាខេត្តតាកែវ ទន្រ្ទានបានចំនួន៧ហិចតា, ទី៣.ឈ្មោះ យុយ យីវ ទន្រ្ទានបាន៤ហិចតា, ទី៤.ឈ្មោះ យឹម ញ៉េន ទន្រ្ទានបាន១ហិចតាកន្លះ, ទី៥.ឈ្មោះ សាំង ឆុំទន្រ្តាន ទន្រ្ទានបាន៦ហិចតា និង ទី៦ឈ្មោះ នី សុគង់ ទន្រ្ទានបាន៩ហិចតា។

ឃុំគោកព្រេច មានមនុស្ស​ចំនួន៤នាក់ ទី១.ឈ្មោះ ហេង នៅភ្នំពេញ, ទី២.ជួប កំសាន នៅភ្នំពេញ, ទី៣.ឈ្មោះ ឆែ វុត្ថា នៅឃុំគោកព្រេច, ទី៤.ឈ្មោះ ញ៉ែត សុខា នៅឃុំគោកព្រេច។

ឃុំកំពែង អ្នកដែលទន្រ្ទានដីរដ្ឋមានចំនួន៥នាក់ ទី១.ឈ្មោះ កាន់ យឿន ទន្រ្ទាយកដីភ្នំបង្កូវ, ទី២.ឈ្មោះ ស្វាយ សារឹទ្ធ ទន្រ្ទានយកដីភ្នំជប់, ទី៣.ឈ្មោះ ឃុត សុផល មន្រ្តីសុរិយោដីខេត្តតាកែវ, ទី៤.ឈ្មោះ ភា មន្រ្តីប៉េអ៊ឹមស្រុកគីរីវង់ និងទី៥.ឈ្មោះ ម៉ឹង ទន ទន្រ្ទានដីភ្នំជប់ ដោយ​អ្នកទាំងនេះនៅមិនទាន់កំណត់ចំនួនដីបាននៅឡើយទេ៕

Advertisement
Advertisement