Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ដល់​ថ្ងៃ​ចូល​រោងការ គ្មានកូនកម្លោះកូន​ក្រមុំ ​ឪពុក​ម្ដាយ តែងខ្លួន​ទទួល​ភ្ញៀវ​ជំនួស

អ្នកចូល​រួម​ពិធី​មង្គល​ការ​មួយ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពីពេលថ្មីៗនេះ បាន​សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ​ពី​គេឃើញ​ឪពុកម្តាយ​បានតែងខ្លួនជាកូនកម្លោះ កូន​ក្រមុំ ព្រោះ​តែអវត្តមាន​សាម៉ីខ្លួនដែល​ត្រូវ​រៀបការ។

ឪពុកម្ដាយដែលដើរតួជាកូនកម្លោះក្រមុំជំនួសសាមីខ្លួន បានរៀបរាប់ថា ដោយសារតែការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ ហើយអាជ្ញាធរបិទផ្លូវ មិនឲ្យមនុស្សធ្វើដំណើរចេញចូលក្រុងនេះ ទើបធ្វើឲ្យសាមីខ្លួនទាំងសងខាងមិនអាចធ្វើដំណើរចេញពីខេត្តព្រះសីហនុ មករៀបចំពិធីមង្គលការនៅខេត្តក្រចេះ បាន។

ឪពុកម្ដាយទាំងសងខាងបានឲ្យដឹងថា ពួកគាត់ធ្លាប់ពន្យារពិធីមង្គលការនេះម្ដងរួចទៅហើយ ។ លុះឃើញកូវីដ-១៩ រាងស្ងប់ស្ងាត់បន្តិច ក៏សម្រេចរៀបចំពិធីមង្គលការនេះម្ដងទៀតនៅថ្ងៃ​ទី០​៦ ខែមីនា ឆាំ្ន​២០២១ ។ ស្រាប់តែជាអកុសល ប្រទេសយើងក៏មានការផ្ទុះករណីកូវីដ-១៩ សាជាថ្មីទៀត ហើយរីករាលដាលខ្លាំងជាងពេលមុនៗទៅទៀត តែពួកគាត់បានកក់ផ្នួង ​ក្រុម​អ្នកភ្លេង ចុងភៅ និងបានហៅភ្ញៀវរួចរាល់អស់ហើយ ទើបមិនអាចពន្យារពេលម្ដងទៀតបាន ពួកគាត់ជាឪពុកម្ដាយ​ទាំងសងខាង ត្រូវតែបង្ខំចិត្តតែងខ្លួនរៀបការជំនួសកូនៗតែម្ដងទៅ។

ឪពុកម្ដាយទាំងសងខាងបានឱ្យដឹងដែរថា ពិធីមង្គលការនេះត្រូវបានដំណើរដោយរលូន ហើយភ្ញៀវក៏បានមកច្រើនដែរ ព្រោះសុទ្ធតែជាអ្នកនៅភូមិជាប់គ្នា។ លើកលែងតែបងប្អូននៅភ្នំពេញ និងកូនក្រមុំកូនកំលោះ មិនបានទៅចូលរួម៕

Advertisement
Advertisement