Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តមន្ទីរពេទ្យខេត្តរតនគិរី ដាក់សាកសពចោលកណ្តាលផ្លូវ ឥឡូវមន្ទីរថា នឹង​ដាក់ទោស​អ្នក​បើក​បរ

ករណីរថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ ដែល​បាន​ដាក់សាកសព​ចោល​កណ្តាល​ផ្លូវឲ្យ​គ្រួសារ​សព​ដឹកជញ្ជូន​បន្ត​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីពេលថ្មីៗនេះ ឥឡូវ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​បានទទួលស្គាល់​ករណីនេះ ហើយថា នឹង​ដាក់ទោស​ចំពោះ​អ្នក​បើកបររថយន្តនោះ។

មន្ទីរសុខាភិបាលខេត្តរតនគិរីបានលើក​ឡើងថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរ ដោយឈ្មោះ អ៊ិ ន ប៊ុនឡេង បានដឹកជញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ ៣១ឆ្នាំ ទៅលំនៅដ្ឋាន នៃសព ដែលស្ថិតនៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្ត ឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹម ម៉ក់ អាយុ ៣១ ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះ ត្រូវបានក្រុមគ្រួសារដឹកជញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន។

មន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង»។

ជាមួយនេះ មន្ទីរសុខាភិបាលខេត្ត អះអាងថា «មន្ទីរ បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»៕

Advertisement
Advertisement