Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឈ្មួញចាប់ផ្តើម​កាយដីចេញពីព្រៃកោងកាង នៅ​ឃុំទួលគគីរ ហើយ ក្រោយ​ពីមានលិខិតបញ្ជារបស់​អភិបាលខេត្តកោះកុង

(កោះកុង) – ក្រោយទទួលបានលិខិតបញ្ជាពីរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានឯកភាពយកគ្រឿងចក្រមកជីកកាយអាចម៍ដីដែលលោកស្រីបានចាក់ចូលទៅក្នុងចំណីព្រែកនិងព្រៃកោងកាង នៅចំណុចភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឡើងវិញហើយ ។

លោកប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា ដីដែលលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោលចាក់បំពានចូលចំណីព្រែក និងព្រៃកោងកាងនោះគឺមានទំហំជាង៣ពាន់ម៉ែត្រការ៉េ និងបង្កអោយមានការខូចខាតព្រៃកោងកាងមួយចំនួន ហេតុនេះរដ្ឋបាលខេត្ត បានចេញលិខិតអោយលោកស្រីកាយអាចម៍ដីចេញ និងស្តាព្រៃកោងកាងឡើងវិញ ដោយទុករយៈពេលអនុវត្តត្រឹម១សប្តាហ៍ ហើយចំពោះចំណាត់ផ្លូវច្បាប់យ៉ាងណានោះគឺទុកអោយខាងអាយ្យការសាលាដំបូងខេត្តជាចាត់ការបន្ត ។

ដោយឡែកលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី ឯកភាពនិងយល់ព្រមអនុវត្តតាមលិខិតបញ្ជារបស់រដ្ឋបាលខេត្តកោះកុង ដោយយល់ព្រមកាយអាចម៍ដីចេញ និងដាំស្តាព្រៃកោងឡើងវិញ តាមការកំណត់របស់រដ្ឋបាលខេត្ត ។

លោកស្រី បានបន្តថា រូបលោកស្រីពុំបានដឹងថាដីខាងលើជាដីសហគមន៍របស់រដ្ឋនោះទេ ពីព្រោះដីនេះលោកស្រីបានទិញពីមេឃុំ ស្មៀនឃុំ និងពលរដ្ឋខ្លះ តែការអះអាងនេះគឺពុំមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរណាមួយឡើយ ។

ចំពោះ លោក ឃឹម សាណេ អតីតប្រធានសហគមន៍ទួលគគីរ បានលើកឡើងថា ដីតំបន់នេះជាដីការពាររបស់សហគមន៍ ប៉ុន្តែដោយសារលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានជួយចាក់ផ្លូវ ធ្វើតារាងបាល់ ដាំបង្គោលភ្លើង និងសន្យាថាតបណ្តាញទឹកអោយពលរដ្ឋក្រីក្រនៅក្នុងភូមិទួលគគីរ ទើបបានជាមានការដោះដូរដីតំបន់ជូនលោកស្រី តែការបែងយ៉ាងណានោះគឺលោកពុំបានដឹងនោះទេ៕

Advertisement
Advertisement