Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីសំណង់របស់លោក​មេគយបាក់ដៃ នៅ​លើ​ភ្នំបូរី អាជ្ញាធរ​ថា បានចុះ​ផ្អាក​ហើយ

(តាកែវ) – អាជ្ញាធរស្រុកអង្គរបូរីបាន​បញ្ជាក់​នៅថ្ងៃនេះ ករណីសំណង់​របស់​លោក នាង សុខុម មេគយច្រកទ្វេភាគីបាក់ដៃ ដែលបានសង់​នៅ​ជើងភ្នំ រហូត​ដល់កំពូលភ្នំបូរីនោះ ឥឡូវនេះ​អាជ្ញាធរ​បាន​ចុះ​ទៅហាមឃាត់​មិន​ឲ្យ​មាន​ការ​សាងសង់ទៀតទេ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី បានបញ្ជាក់ថា ករណីសំណង់របស់លោក នាង សុខុម នៅលើភ្នំបូរីនេះ អាជ្ញាធរ​​​​​នឹង​អនុញ្ញាតឲ្យសង់ឡើងវិញ ប្រសិនបើលោក នាង សុខុម រត់ការផ្លូវច្បាប់ពាក់ព័ន្ធនឹងសំណង់នោះឲ្យបានគ្រប់គ្រាន់។

គួរ​បញ្ជាក់ថា រយៈ​ពេលថ្មីៗនេះ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងស្រុកអង្គរបូរីបាន​រាយការណ៍ថា ដីភ្នំមួយផ្នែក នៃភ្នំបូរី ទីតាំងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ត្រូវ​បាន​អ្នកមានលុយ និង​មានអំណាចមួយ​ចំនួន បានធ្វើរបងព័ទ្ធយក ហើយ​ជា​ការ​កត់សម្គាល់ គេ​ឃើញ​លោក នាង សុខុម ដែលជាមន្រ្តីគយ​នៅ​ច្រកបាក់ដៃ បានប្រើប្រាស់​កម្មករ ឲ្យ​ធ្វើ​របង និង​សំណង់​រឹងផ្សេងៗ​ពីជើង​ភ្នំ រហូត​ជិត​ដល់​កំពូលភ្នំ ដោយ​គេ​មិន​ឃើញ​មានការ​ហាមឃាត់ ខណៈ​ដីភ្នំ គឺជា​សម្បត្តិរបស់រដ្ឋនោះ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹង​ការ​ទន្រ្ទានយកដីភ្នំ និង​សង់សំណង់​នៅ​ភ្នំបូរីនេះ យើង​មិន​អាចទាក់ទងសុំ​ការ​បំភ្លឺពីលោក នាង សុខុម ដែលរងការចោទប្រកាន់បានទេនៅថ្ងៃនេះ៕

Advertisement
Advertisement