Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំង ដែល​កម្ពុជា​បញ្ជា​ទិញពីចិន ១.៥លានដូស បាន​ដឹក​មក​ដល់​កម្ពុជាហើយ

(ភ្នំពេញ) – វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែល​កម្ពុជា​បាន​បញ្ជា​ទិញពីប្រទេស​ចិន ត្រូវ​បាន​ដឹក​តាម​យន្តហោះពិសេស​មក​ដល់​ប្រទេស​កម្ពុជា នៅវេលាម៉ោង​ប្រមាណ ១០ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ ដោយ​មាន​ការ​ចូល​រួមទទួលពីលោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បាន​បញ្ជាក់ថា កាលពីដើមខែកុម្ភៈ ប្រទេស​ចិន​បានប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​១លានដូស​ដល់​ប្រទេស​កម្ពុជា បើទោះជា​ប្រទេស​ចិន​កំពុង​ខ្វះ​ខាត​វ៉ាក់សាំង​សម្រាប់ប្រជាជន​ខ្លួនក៏ដោយ ដែលនេះ ដើម្បីបង្ហាញពី​ចំណងមិត្តភាពដ៏​រឹងមាំ​រវាង​ប្រទេស​ចិន និង​កម្ពុជា។ លោកថា សម្រាប់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង ស៊ីណូវ៉ាក់ របស់​កម្ពុជា​ចំនួន ១.៥លានដូសនេះ គឺប្រទេសចិនបាន​លក់ជូន​កម្ពុជា​ក្នុង​តម្លៃ​ដ៏ពិសេសបំផុត ហើយ​បាន​សម្រួល​នីតិវិធី​ឯកសារត្រឹម​តែ​២សប្តាហ៍​ប៉ុណ្ណោះ។

បើតាម​មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា វ៉ាក់សាំងដែល​កម្ពុជា​បាន​បញ្ជាទិញ​ពីក្រុម​ហ៊ុនចិនចំនួន ១លាន​៥សែនដូសនេះ គឺបាន​ចំណាយ​ថវិកាប្រមាណ ១៥លានដុល្លារ។

ជាមួយ​គ្នា​នេះដែរ កម្ពុជាក៏នឹង​ត្រៀម​ទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៤លានដូសបន្ថែមលើ ១.៥លានដូសនេះ ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋចំនួន១០លាននាក់៕

Advertisement
Advertisement