Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ​ផ្អាកការធ្វើដំណើរ និង​​អាជីវកម្ម​ពេលយប់ ចាប់ពីម៉ោង៨យប់ ដល់​ម៉ោង​៥ភ្លឺ រយៈពេល​២សប្តាហ៍

រដ្ឋបាល​រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១នេះ បានសម្រេចអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដោយ​ផ្អាក​នូវ​សកម្មភាពអាជីវកម្ម ចំពោះ​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និងភោជនីយដ្ឋាន​នៅ​តាម​សណ្ឋាគារ។ល។ ដែលទទួលអតិថិជន​ចូលមកទទួលទាននៅចន្លោះម៉ោង៨យប់ ដល់ម៉ោង​៥ភ្លឺ ជាកំហិត ប៉ុន្តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន ដោយ​គិត​ចាប់ពីថ្ងៃទី០១ ខែមេសា រហូត​ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បាន​សម្រេច​ឲ្យ​ផ្អាក​ផងដែរ នូវ​ការ​ប្រមូល​ផ្តុំ ឬការជួបជុំ​គ្នា​ទទួលទានអាហារ ភេសជ្ជៈ ឬ​ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង៨យប់ ដល់​ម៉ោង​៥ភ្លឺផងដែរ ដោយ​លើកលែង​តែចំពោះ​ករណី​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែលរស់​នៅ​ក្នុង​លំនៅដ្ឋាន ឬទីសំណាក់​ជាមួយគ្នា, ការ​រៀបចំពិធីបុណ្យសព, ការ​ជួបជុំ​របស់​បុគ្គលិកសុខាភិបាល​ដើម្បីយកវត្ថុសំណាក, ការ​ជួបជុំ​របស់​អាជ្ញាធរមានសមត្ថកិច្ច, ការ​ជួបជុំមនុស្សដែលមាន​ភាពចាំបាច់ សម្រាប់បម្រើ​ផលប្រយោជន៍សាធារណៈ ឬក្នុងគោល​បំណងផ្សេងទៀត​តាម​ការ​កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ក្រៅពីផ្អាកអាជីវកម្ម និង​ការ​ជួបជុំ​ហើយ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏​បាន​ប្រកាស​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ នៅ​ចន្លោះ​ម៉ោង៨យប់ ដល់ម៉ោង​៥ភ្លឺផងដែរ ដោយ​លើក​លែងចំពោះ ការ​ធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាពបន្ទាន់ និង​មូលហេតុចាំបាច់​ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត, ការធ្វើដំណើរ​របស់បុគ្គលិកពេទ្យ មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ដើម្បីបំពេញ​បេសកកម្ម​ជូនស្ថាប័ន អង្គភាព, ការធ្វើដំណើរ​របស់រថយន្តកុងតឺន័រ រថយន្ត​ដឹកទំនិញ រថយន្ត​បាញ់បេតុង រថយន្ត​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹកជញ្ជូន​ម្ហូបអាហារ របស់​បុគ្គលិក​បម្រើ​សេវាដឹកជញ្ជូន, ការធ្វើដំណើររបស់​បុគ្គលិក និងកម្មករកម្មការិនី ទៅកន្លែងបំពេញ​ការងារ​ក្នុង​សហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាត​ឲ្យ​ប់កដំណើរការ​ជាធម្មតា និងការ​ធ្វើដំណើរចាំបាច់​ផ្សេងៗ​ទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

Advertisement
Advertisement