Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកសំរោង ទុកពេល​១សប្តាហ៍ ឲ្យអ្នក​រំលោភយកដីបឹង កាយដីចេញវិញឲ្យ​អស់

_

ករណីចាក់ដីរំលោភយកដីបឹងជា​សម្បត្តិរបស់រដ្ឋស្ថិត​នៅក្នុង​ភូមិសាស្រ្ត​ឃុំសំរោង ស្រុក​សំរោង ខេត្តតាកែវ ឥឡូវនេះ លោក​អភិបាលស្រុក​បានទុកពេល​១សប្តាហ៍​ដល់អ្នកដែលរំលោភបំពាននោះ ឲ្យ​កាយដីចេញវិញ​ឲ្យ​អស់។

ការចាក់ដីរំលោភយកបឹងសាធារណៈរបស់រដ្ឋនៅស្រុកសំរោង ខេត្តតាកែវ

លោក កេត ម៉ៅ អភិបាលស្រុកសំរោង តាមរយៈ​លិខិត​មួយ​ច្បាប់ ផ្ញើទៅ​កាន់លោក ឃុន គា មានទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​សំរោង ស្រុកសំរោង បានលើកឡើងថា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលស្រុកសំរោង បានសង្កេត​ឃើញថា លោក​ ឃុន គា បានចាក់ដីរំលោភចូល​ដីសាធារណៈរបស់រដ្ឋ ដូច្នេះរដ្ឋបាលស្រុកស្នើ​ឲ្យ​លោក ឃុន គា កាយដីនេះចេញវិញ​ឲ្យ​អស់ ដោយ​ទុករយៈពេល​១សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ករណីមិន​ព្រមអនុវត្តតាមការ​កំណត់នេះទេ រដ្ឋបាល​ស្រុកសំរោង បានព្រមាននឹងចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

ចំណាត់ការ​ភ្លាមៗ​របស់​អភិបាលស្រុកសំរោង​នៅពេលនេះ បានទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីប្រជាពលរដ្ឋ ដែលលោក​អភិបាល​ស្រុកបាន​ចាត់វិធានការ​ទាន់ពេលវេលា​ ខណៈ​ដែល​ដីបឹងត្រង់ចំណុច​នោះ តែងតែមានការ​រំលោភបំពាន​យកតាមរបៀបកណ្តៀរ ដោយ​មាន​ការ​ចាក់ដីរំលោភយកម្តងបន្តិចៗ​ រួចដាំដំណាំអស់រយៈ​ពេលជាច្រើនឆ្នាំមកហើយ។

គេរំពឹងថា ចំណាត់ការរបស់លោក​អភិបាលស្រុក​សំរោង​នៅ​ពេលនេះ នឹង​ធ្វើ​ឡើង​ដោយ​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ពលរដ្ឋ​ក៏​កំពុងរង់ចាំ​មើល​លទ្ធផល​នៅ​សប្តាហ៍​ក្រោយផងដែរ៕

Advertisement
Advertisement