Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ចំណេះដឹង ៖ វិធីសាស្ត្រលុប Session ក្នុងកម្មវិធី Telegram ករណីសង្ស័យមានគេកំពុងលួចប្រើប្រាស់គណនីរបស់លោកអ្នក

កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។

ដើម្បីសម្រួលដល់ការប្រើប្រាស់ កម្មវិធី Telegram អាចដំឡើងនិងប្រើប្រាស់លើទូរស័ព្ទដៃ កុំព្យូទ័រ ឬដំណើរការតាមផ្ទាំងអ៊ីនធឺណិត (Browser) ដោយគ្រាន់តែធ្វើការផ្ទៀងផ្ទាត់គណនី (login) ជាមួយនឹងលេខកូដចំនួន ០៥ខ្ទង់ដែលផ្ញើទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់គណនី។

ទន្ទឹមគ្នានេះ ជនខិលខូចមួយចំនួនបានធ្វើការលួចដំណើរការគណនី Telegram របស់ជនរងគ្រោះដោយប្រើប្រាស់មធ្យោបាយឆបោក ឬដាក់អន្ទាក់លួចលេខកូដ (Phishing) និងប្រើប្រាស់គណនីជនរងគ្រោះទាក់ទងជាមួយមិត្តភក្តិ ឬសាច់ញាតិដើម្បីខ្ចីប្រាក់ ឬបន្លំលួចយកឯកសារ រូបភាព ឬវីដេអូជនរងគ្រោះ រួចគម្រាមទារប្រាក់ ឬប្រើប្រាស់ក្នុងការចម្លងមេរោគកុំព្យូទ័រជាដើម។

ប្រសិនលោកអ្នកមានការសង្ស័យ ឬចង់ផ្ទៀងផ្ទាត់គណនី Telegram ថាតើមានជនខិលខូចកំពុងលួចប្រើប្រាស់ សូមធ្វើនូវវិធីសាស្ត្រដូចខាងក្រោម ៖

១) សម្រាប់ទូរស័ព្ទ៖

– សូមចូលទៅកាន់ Setting រួចជ្រើសរើសពាក្យ Devices នោះលោកអ្នកនឹងឃើញគណនី Telegram ដែលកំពុងប្រើប្រាស់ (Current Session និង Actvie Session) រួមទាំងប្រភេទឧបករណ៍ និងអាសយដ្ឋាន IP Address នៃគណនីដែលកំពុងប្រើប្រាស់។

– ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក សូមចុចពាក្យ Edit រួចចុចសញ្ញា (- ) ពណ៌ក្រហម ឬ Terminate all other session ជាការស្រេច។

២) សម្រាប់ម៉ាស៊ីនកុំព្យូទ័រ៖

– សូមចូលទៅកាន់ Setting រួចជ្រើសរើសពាក្យ Privacy and Security បន្ទាប់មកចុចលើពាក្យ Show all sessions។

– ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក សូមចុចរូបសញ្ញា (x ) រួចជ្រើសរើសពាក្យ Terminate ឬ Terminate all other session ជាការស្រេច។

ពាក់ព័ន្ធនឹង​ការប្រើប្រាស់ Telegram នេះដែរ បើ​តាម​នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា កន្លងមកមានសកម្មភាពលួចប្រើប្រាស់គណនី Telegram មួយចំនួន គឺដោយសារមូលហេតុលេខទូរស័ព្ទជនរងគ្រោះផុតសុពលភាព និងត្រូវបានទិញយកទៅប្រើប្រាស់ផ្សេង និងបានប្រើប្រាស់លេខទូរស័ព្ទនោះចុះឈ្មោះ Telegram ឡើងវិញជាមួយឯកសារចាស់ៗ ដែលជនរងគ្រោះធ្លាប់បានផ្ញើឆ្លើយឆ្លងនាពេលកន្លងមក។ ក្នុងករណីនេះ សូមអ្នកប្រើប្រាស់គណនីថ្មី ធ្វើការលុបចោលនូវឯកសាររបស់អ្នកប្រើប្រាស់ពីពេលមុន និងកុំព្យាយាមបំពានសិទិ្ធបុគ្គល ឬគម្រាមទារប្រាក់ជាថ្នូរនឹងការលុបឯកសារជាដើម៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

Advertisement
Advertisement