Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានទូត​ចិន​បញ្ជាក់​ពី​ស្ថានភាព​អ្នកដំណើរ១៥នាក់​ដែល​ហោះ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ទីក្រុង​ណាង​ឆាង និង​ករណី​ជនជាតិ​ចិន១៧៤នាក់​នៅ​បាវិត​

ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ធ្វើ​សេចក្តី​ថ្លែង ក្រោយពី​មាន​អ្នកសារព័ត៌មាន​ចោទសួរ​ពី​ស្ថានភាព​អ្នកដំណើរ​ចំនួន១៥នាក់ ដែល​បាន​ហោះ​ចេញពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ទីក្រុង​ណាង​ឆាង ហើយ​ពួក​គេ​មាន​អាការៈ​មិនល្អ ដែល​សង្ស័យ​ពី​ករណី​កូ​វីដ១៩ និង​ករណី​ជនជាតិ​ចិន១៧៤ ដែល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន មកកាន់​ក្រុង​បាវិត​ប្រទេស​កម្ពុជា។

ចំពោះ​ករណី​ទី១ ស្ថានទូត​ចិន​បាន​លើកឡើង​ថា តាម​ការ​រាយការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ខេ​ត្ត​ជាំ​ងស៊ី ប្រទេស​ចិន នា​ថ្ងៃទី២៥ ខែមីនា លើ​យន្តហោះ​ដែល​មាន​ជើងហោះហើរ​លេខ QD704 ពី​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា ទៅកាន់​ទី​ក្រុង​ណាន​ឆាង ប្រទេស​ចិន​បាន​រក​ឃើញ​អ្នកដំណើរ​ដែល​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ឈឺបំពង់ក រាករូស និង​អាការៈ​ផ្សេងទៀត​ចំនួន១៥នាក់។

ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា តាម​ការ​រាយការណ៍​របស់​ស្ថាប័ន​ជាប់ពាក់ព័ន្ធ​បាន​ឲ្យដឹង​ថា មន្ទីរពេទ្យ​ទី១នៃ​ទី​ក្រុង​ណាន​ឆាង ខេ​ត្ត​ជាំ​ងស៊ី ប្រទេស​ចិន​បាន​ធ្វើការ​ពិនិត្យ​ជំហាន​ដំបូង​ជូន​ដល់​អ្នកដំណើរ​ទាំង១៥នាក់​នា​ពេលល្ងាច​ថ្ងៃទី២៥ ខែមីនា ទន្ទឹម​នឹង​នេះ​ក៏បាន​ពិនិត្យ​តាម​សារធាតុNucleic acid តេ​ស្តរ​កជម្ងឺ​វីរុស​(Detection Reagent​) និង​តាមCTនៅ​ផ្នែក​ទ្រូង​ផង​ដែរ។

នា​ព្រឹក​ថ្ងៃទី២៦ ខែមីនា លទ្ធផល​តាម​សារធាតុNucleic acidតេ​ស្តរ​កវីរុស បាន​បង្ហាញ​ឲ្យ​ឃើញថា មាន​ភាព​អវិជ្ជមាន ហើយ​ក្នុងCTនៃ​ផ្នែក​ទ្រូង​ក៏​ពុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជម្ងឺ​វីរុស​នេះ​ផង​ដែរ ដោយ​អាច​និយាយ​បាន​ថា អ្នកដំណើរ​ទាំងនេះ​ពុំ​មាន​ផ្ទុក​ជម្ងឺ​វីរុសCOVID​-19ជា​បណ្តោះអាសន្ន។

ដោយឡែក​សម្រាប់​ករណី​ជនជាតិ​ចិន១៧៤នាក់ ដែល​សង្ស័យ​ជា​អ្នកលេង​ល្បែងភ្នាល់​គ្នា​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណេត​ដែល​បាន​ធ្វើដំណើរ​ពី​ប្រទេស​ហ្វីលីពីន​មកកាន់​ប្រទេស​កម្ពុជា ស្ថានទូត​ចិន និង​ការិយាល័យ​កិច្ច​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​រវាង​ចិន និង​កម្ពុជា​កំពុងតែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ ហើយ​កំពុងតែ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ពង្សាវតារ​ពួក​គេ​ដែល​ត្រូវ​ជាប់សង្ស័យ​ថា ជា​អ្នកលេង​ល្បែងភ្នាល់​គ្នា​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណេត ហើយ​ថា ក្រោយពី​ពិនិត្យ​រួច នឹង​ចុះ​បង្រ្កាប​យ៉ាង​មុះមុត​តាម​នីតិវិធី​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​៕

Advertisement
Advertisement