(កំពត) – បើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់លោកស្រី ប៊ូ ចាន់ធឿន ចាក់ដីលុបហើយរៀបចំសង់ផ្ទះល្វែងលក់។
ប្រជាពលរដ្ឋថា អាងទឹកដងទង់នេះ គឺជាអាងស្តុកទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ជាយូរណាស់មកហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្របពេលដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលគ្រប់គ្នាមិនហ៊ានដើរហើរទៅណានោះ ស្រាប់តែមានគ្រឿងចក្ររាប់សិបគ្រឿង ដែលគេដឹងថា គឺជារបស់ក្រុមហ៊ុនលោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយគេមិនឃើញអាជ្ញាធរចាត់វិធានការអ្វីឡើយ, ដែលបើតាមពលរដ្ឋថា ប្រហែលជាអាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ទើបបានជាគេហ៊ានលុបអាងទឹក ហើយអាជ្ញាធរក៏មិនអើពើនោះ។
បើតាមលោក ទល់ រិន្ទ មេភូមិសុភីវិញបានថ្លែងថា អាងទឹកដងទង់នេះ គឺមានទំហំជាង៥ហិចតា ហើយដីនៅជុំវិញអាងទឹក គឺមានជាង៧ហិចតា ដែលកន្លងមកប្រជាពលរដ្ឋបានអាស្រ័យផលលើដីនោះ ហើយពេលនេះ គឺពិតជាមានការចាក់ដីលុបអាងទឹកនេះមែន។
ចំពោះករណីនេះ យើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន លោកស្រី ប៊ូ ចាន់ធឿន ដែលរងការចោទនោះបានទេនៅថ្ងៃនេះ។
ដោយឡែក លោក សុីវ ផេង អភិបាលស្រុកដងទង់ មិនបានឆ្លើយបំភ្លឺពាក់ព័ន្ធករណីនេះទេ ដោយថា លោករវល់ប្រជុំ។
ចំណែកលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកំពត បានថ្លែងថា រឿងឈ្មួញចាក់ដីលុបអាងទឹងដងទង់លោកមិនបានអនុញ្ញាតិច្បាប់ឲ្យទេ តែអារឿងគេលុប គឺពាក់ពន្ធ័និងចៅហ្វាយស្រុកដងទង់ព្រោះគេជាម្ចាស់មូលដ្ឋាន។
បើតាមលោកប្រធានមន្ទីរថា អាងទឹកដងទង់នេះ កន្លងមកធ្លាប់មានរឿងចម្រូងចម្រះគ្នាជាមួយពលរដ្ឋ ហើយលោកក៏បានទៅចូលរួមដោះស្រាយដែរ, លោកថា ដីអាងទឹងដងទង់កើតក្រោយឆ្នាំ១៩៧៩ហើយអាងទឹកនេះស្តុបទឹកសម្រាប់ឲ្យក្រុមទាហ៊ាន ឬរាជការនៅដងទង់ប្រើប្រាស់៕