Connect with us

Hi, what are you looking for?

ក្នុងស្រុក

រយៈពេល១៦ថ្ងៃ ពលរដ្ឋ​ជាង ៦៩ម៉ឺននាក់​នៅ​តំបន់ក្រហមបានចាក់វ៉ាក់សាំងរួចហើយ ខណៈ​ការ​ចាក់ដូសទី២ ក៏​ចាប់​ផ្តើម​ហើយដែរ

(ភ្នំពេញ) – រយៈពេល១៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែល​ប្រឈមនឹងការរីករាលដាលជំងឺ កូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនពលរដ្ឋសរុបចំនួន ៦៩៤,២១៣នាក់ហើយ, ខណៈ​ការចាក់ដូសទី២ ក៏​កំពុង​ចាប់ផ្តើម និង​បានចំនួន ៣,៥៩៦នាក់។

លោក ឥត សារ៉ាត់ ប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី២ ដែលដំណើរការនៅថ្ងៃម្សិលមិញ នៅតែដំណើរ ការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។ ជាមួយគ្នា លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។

ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូស ទី២នោះឡើយ។

ក្នុងនោះដែរ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី ២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់ បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត៕

Advertisement
Advertisement