(ភ្នំពេញ) – បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានសមាសភាព២៤នាក់រួចមក នៅយប់ថ្ងៃទី២៧ ឧសភា ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចេញដំណើរទៅកាន់ប្រទេសបារ៉ែន ដែលជាកន្លែងហ្វឹកហាត់ និងជាទឹកដីកណ្តាលសម្រាប់ប្រកួត៣ប្រកួតចុងក្រោយ វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ពីថ្ងៃទី៣រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា ដោយសារការពេលវេលាខ្លី ក្រុមជម្រើសជាតិកម្ពុជាមិន បានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុកឡើយ ពោលគឺនឹងត្រូវចេញដំណើរនាវេលាម៉ោង ១១ និង៥៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលទឹកដីកណ្តាលសម្រាប់៣ប្រកួតចុងក្រោយរបស់កម្ពុជា ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះ បារ៉ែន វេលាម៉ោង ១១និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងជួប១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មុននឹងវិលត្រឡប់មកកាន់កម្ពុជាវិញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃពូល C នេះហើយ ដោយសារឆ្លងកាត់៥ប្រកួតកន្លងទៅ ក្នុងពូល C នេះ គឺក្រុមកម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម៥ក្រុមនៃពូលC ខណៈក្រុមអ៊ីរ៉ាក់កំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣, ហុងកុង លេខ៤។
ប្រភព៖ FFC