Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ផ្លែមៀនប៉ៃលិន មានបញ្ហាមិន​អាចនាំចូលប្រទេសថៃបាន ក្រសួងកសិកម្ម​អំពាវនាវ​ឲ្យបង្វែទិសដៅ​ទៅកាន់ប្រទេសវៀតណាមវិញ

ផ្លែមៀនប៉ៃលិន ឬតាង៉ែន កំពុងមានបញ្ហាទីផ្សារ

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា នៅក្នុងខែសីហានេះ ផ្លែមៀនប៉ៃលិន ចាប់ផ្តើមប្រមូលផល ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃកំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។

ផ្លែមៀនប៉ៃលិន ឬតាង៉ែន កំពុងមានបញ្ហាទីផ្សារ

បើតាមក្រសួងកសិកម្ម ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលតាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។

យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន និងប្រទេសថៃរួចហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀនទៅក្នុងប្រទេសទាំងពីរនេះនៅឡើយទេ ហើយក៏ពុំទាន់បានឆ្លើយតបជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបានទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។

ក្រសួងកសិកម្មបានអំពាវនាវឱ្យអ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។

ក្នុងនោះដែរ ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាគាំទ្រផលិតផលខ្មែរ ហើយម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុកគួរនាំគ្នាជួយប្រមូលទិញផ្លៃមៀនប៉ៃលិនមកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ៕

Advertisement
Advertisement