Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់​ឲ្យ​ប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាពមនោសញ្ចេតនា លើបណ្តាញទំនាក់ទំនងសង្គម

_

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលឆបោកដោយប្រើប្រាស់មធ្យោបាយមនោសញ្ចេតនា (Romantic Scam) ដោយវាបាននិងកំពុងកើតឡើងជាច្រើនករណីហើយ។

_

ក្នុងនោះ នាយកដ្ឋានព័ត៌មានវិទ្យា ក៏​បានលើក​យក​ល្បិច​ឆបោកមួយ​ចំនួន ដែលជនខិលខូច​បានប្រើប្រាស់ដូចជា៖

១- ជនខិលខូចធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ

២- ជនខិលខូចចាប់ផ្តើមធ្វើការភ្ជាប់ទំនាក់ទំនងជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line,​ Messenger)

៣- ជនខិលខូចធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗរបស់ជនរងគ្រោះលើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ

៤- ជនខិលខូចធ្វើការជជែកលេងជាញឹកញាប់ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួកគេមានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។ល។

៥- នៅពេលដែលជនរងគ្រោះធ្លាក់ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូចចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជាការឆបោកប្រាក់ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មកប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗ​ ជាដើម។

លើសពីនេះក្រុមការងារក៏បានសង្កេតឃើញផងដែរថា មានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពល្មើសពីក្រៅប្រទេស​ (ជនបរទេស) និងមានជនល្មើសមួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

អាស្រ័យដូចជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចនៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថាជាប្រភេទបទល្មើសខាងលើនេះ៕

Advertisement
Advertisement