Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន បានដឹងនាំមន្រ្តីជំនាញពាក់ពន្ធ័ចុះពិនិត្យមើលអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2)

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យមើលអាងប្រព្រឹត្តិកម្មនេះ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ ហើយអាងនេះ បានដំណើរការដោយជោគជ័យក្នុងការចម្រោះទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

ឯកឧត្តមបន្តថា ក្រោយពីបំលែងទឹកកខ្វក់មកជាទឹកស្អាតដោយឆ្លងកាត់អាងប្រព្រឹត្តិកម្មរួចមក ទឹកនេះមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ ហើយក្រុមហ៊ុនក៏បានធ្វើតេស្តសាកល្បងដោយដាក់ត្រីក្រឹមឱ្យហែលប្រលែងគ្នា ហើយត្រីទាំងអស់មានសុវត្ថិភាព មិនមានផលប៉ះពាល់អ្វីឡើយ៕

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនាអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ទីតាំង ក្នុងនោះ២ ទីតាំងបានស្ថាបនារួចរាល់ និងកំពុងដាក់ឱ្យដំណើរការ ដោយអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ហើយអាងប្រព្រឹត្តកម្មទី៣ នឹងសម្ពោធបើកការដ្ឋានស្ថាបនា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដែលមានទីតាំងនៅអតីតព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement