Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រាក់ឈ្នួលសម្រាប់កម្មករ​នៅឆ្នាំ​២០២២ នឹង​ឡើង​ដល់ ១៩៤ដុល្លារ

យោង​តាម​សេចក្តីប្រកាស​មួយ​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ឲ្យដឹងថា ក្រោយ​ពីកិច្ច​ប្រជុំចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១នេះ ភាគីពាក់ព័ន្ធដែលមានតំណាងកម្មករ, តំណាង​និយោជក និង​តំណាង​រាជរដ្ឋាភិបាល បានសម្រេច​បោះឆ្នោតកំណត់​តួលេខ​ប្រាក់ឈ្នួលអប្បបរមា​របស់កម្មករ​ចំនួន ១៩៤ដុល្លារ​សម្រាប់ឆ្នាំ​២០២២ខាងមុខ។

សូម​បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។

បើតាមក្រសួងការងារថា ទោះស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារ អាម៉េរិក។ ដូច្នេះចាប់ ពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង៕

Advertisement
Advertisement